កម្លាំងកងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

 សមត្ថកិច្ចប្រាប់ថាៈនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ន សុខន ភេទស្រី អាយុ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត ស្តីពីករណី លួចម៉ូតូ និងទូរសព្ទ កាលពីវេលាម៉ោង០៧និង០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលខាងលេី បង្កឡើងដោយជនសង្ស័យឈ្មោះ ញឹម វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាសង្សាររបស់ខ្លួនស្នាក់នៅជាមួយគ្នា បានធ្វើសកម្មភាពលួចយកទូរសព្ទម៉ាកIphone ១៥ ពណ៌ផ្កាឈូក ចំនួន០១គ្រឿង និងម៉ូតូម៉ាកZoomer-X ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ  ចំនួន០១គ្រឿង យកទៅដាក់បញ្ចាំលេងល្បែងចាញ់អស់ នៅពេលដែលជនរងគ្រោះដេកលក់។

ក្រោយពីទទួលបានពាក្យបណ្ដឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតដល់ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉េត ខេត្ត ព្រមទាំងដកហូតវត្ថុតាង ទូរសព្ទម៉ាក Iphone 15 ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ និងទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន ដេីម្បីយកទៅលក់យកលុយលេងល្បែង។ ហេីយកន្លងមកខ្លួន ក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពីបទហិង្សាដោយចេនាស្ថានទម្ងន់ទោស។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។  ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print