ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ភ្ញៀវជាតិ និងអន្តរជាតិ ជាង ១លាន ១សែននាក់ បានចូលរួមដើរលេងកម្សាន្តតាមតំបន់នានានៅរាជធានីភ្នំពេញ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រី ដោ សម្ផស្ស បានឱ្យដឹងទៀតថា ចំពោះការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លំាងគ្រប់ប្រភេទ និងគ្រប់ផ្នែកពាក់ព័ន្ធ គឺមានសន្តិសុខសណ្តាប់ធ្នាប់ល្អ ពុំមានបញ្ហាអ្វីកេីតឡេីងគួរឱ្យកត់សម្គាល់នោះទេ។
បន្ថែមពីនេះ លោកស្រីអ្នកនាំពាក្យរូបនេះ ក៏បានគូសបញ្ជាក់ថា គិតត្រឹមម៉ោង ២១ និង៣០នាទីយប់ថ្ងៃទី១៤ វិច្ឆិកានេះ អាចសន្និដ្ឋានបានថា ទាំងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនានាមានសភាពល្អប្រសើរ មិនមានបាតុភាពអាក្រក់អ្វីគួរឱ្យកត់សម្គាល់នោះទេ។ ដោយឡែកបរិមាណសំរាមវិញលោកស្រីនឹងផ្តល់ព័ត៌មានជូននៅព្រឹកស្អែក ព្រោះក្រុមការងារនឹងចាប់ផ្ដើមប្រមូលនៅយប់នេះ រហូតទល់ភ្លឺ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈទាំង៣រាត្រី។ ទិដ្ឋភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូកជាច្រើនកុះករមកពីគ្រប់ទិសទីបានចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។
ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ ប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ៍នូវទំនិញជាច្រើនតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ៕ដោយ៖តារា