ក្រសួងពាណិជ្ជកម្ម បានចូលរួមបណ្តែតប្រទីប អបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំ​ទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ បានចូលរួមបណ្តែតប្រទីប អបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំ​ទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

ប្រទីបក្រសួង​ពាណិជ្ជកម្ម បង្ហាញអំពី “ការអភិវឌ្ឍនៃវិស័យពាណិជ្ជកម្មកម្ពុជា” ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការជំរុញសកម្មភាពពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស និងទំនើបកម្មវិស័យពាណិជ្ជកម្មនៅកម្ពុជា ដែលកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។

ប្រទីបក្រសួងពាណិជ្ជកម្ម ត្រូវបានរៀបចំរចនា និងតុបតែង ដោយមាននិមិត្តសញ្ញាផ្សារភ្ជាប់ទៅនឹងអត្ថន័យ និងខ្លឹមសារជាសារវន្តនៃវិស័យ​ពាណិជ្ជកម្ម ដូចតទៅ៖

១-សុវណ្ណហង្ស ដែលរំលេចដោយភ្លើងពណ៌មាស ចាប់ពីក្បាលរហូតដល់កន្ទុយ មានតួនាទីជាទម្រនៃប្រទីបទាំងមូល។ សុវណ្ណហង្ស ស្ថិតក្នុងពពួកបក្សីសកុណជាតិ ដែលមានសមត្ថភាពហើរបានខ្ពស់ត្រដែត ឆ្លងកាត់ពីទីកន្លែងមួយទៅកន្លែងមួយទៀតដ៏សែនឆ្ងាយបាន។

២-នាមករណ៍ និងសញ្ញារបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានរចនាឡើងយ៉ាងប្រណីត និងវិចិត្រដោយមានទម្រជើងពាន ជាការបញ្ជាក់អំពីកិត្យានុភាពដ៏ល្បីល្បាញ ភាពអង់អាច និងភាពប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រសួងពាណិជ្ជកម្មក្នុងការបំពេញបេសកកម្មរបស់ខ្លួន។

៣-រូបភូគោល ស្ថិតនៅពីក្រោយនាមករណ៍ និងសញ្ញារបស់ក្រសួងពាណិជ្ជកម្ម ជាតំណាងឱ្យការធ្វើសមាហរណកម្មទៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសំខាន់ៗក្នុងតំបន់ និងពិភពលោក តាមរយៈការចរចាបើកទីផ្សារសក្តានុពលថ្មីៗទាំងទ្វេភាគី និងពហុភាគី ដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្មរបស់កម្ពុជា។

...

៤-រូបប្រព័ន្ធគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តនានា ដែលបម្រើឱ្យវិស័យពាណិជ្ជកម្ម មានដូចជាការដឹកជញ្ជូន, កំពង់ផែ, រោងចក្រ, និងប្រព័ន្ធអ៊ីនធឺណេត បង្ហាញអំពីការគិតគូររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមសម្រួលរាល់គ្រប់មធ្យោបាយ និងការធ្វើកិច្ចសម្រួលពាណិជ្ជកម្ម រួមបញ្ចូលទាំងការចាប់យកបច្ចេកវិទ្យាថ្មីៗស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន ដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដោះដូរទំនិញឬផលិតផល និងការបម្រើសេវាកម្មនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងសម្រាប់ជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print