ថ្នាក់ដឹកនាំកម្លាំងសមត្ថកិច្ច ប្រជុំផ្សព្វផ្សាយផែនការការពារសន្ដិសុខ កិច្ចប្រជុំ ICAPP និងកិច្ចប្រជុំ IDC-CDI ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពមានកិច្ចទាំងអស់ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបប្រជុំដើម្បីពិនិត្យផ្សព្វផ្សាយអំពីផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI)។

កិច្ចប្រជុំនេះ ដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង លោក ជួន សុវណ្ណ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ និង នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស នៅនាយកដ្ឋានអង្គរក្ស។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា គ្រប់បណ្ដាអង្គភាព ស្ថាប័ន និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវធានាឲ្យបានដាច់ខាតនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនសម្តេច ឥស្សរជនជាន់ខ្ពស់ ក្នុងពិធីនេះប្រកបដោយសុវត្ថិភាពទាំងស្រុង។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា គ្រប់អង្គភាពត្រូវប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប សំដៅធានាដល់កិច្ចសហការការពារ សុវត្ថិភាពក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទាំងពីរនេះ។ លើសពីនេះ ត្រូវពង្រឹងកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឲ្យបានសម្រេចតាមផែនការដែលបានដាក់ចេញ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង បានកត់សម្គាល់អំពីចំណុចប្រឈមមួយចំនួនផងដែរ ដែលគ្រប់អង្គភាពទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍ទាំងអស់នេះ។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ដោយឡែក កិច្ចប្រជុំមហាសន្និបាតសន្និសីទអន្ដរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៉ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print