កិច្ចសម្ភាសន៍ ស្តីពីការរៀបចំការពារសុខភាពសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ កីឡាករ កីឡាការិនី កំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ ទទួលបន្ទុកការងារសង្គ្រោះបន្ទាន់និងការងារបុណ្យជាតិ បានផ្តល់បទសម្ភាសន៍ស្តីពីការរៀបចំការការពារសុខភាពសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងកីឡាករ កីឡាការិនីចំណុះទូក កំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ក្រសួងសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល បានរៀបចំស្តង់ប្រចាំការរបស់ក្រុមគ្រូពេទ្យ សរុបចំនួន ២៩ទីតាំង ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ក្នុងនោះមានទីតាំងប្រចាំការ ១៥ស្តង់ និងរថយន្តគិលានសង្រ្គោះ ១៤ទីតាំង រថយន្តគ្លីនិកចល័តធំចំនួន ២គ្រឿង ដែលបានបែងចែកតាមគោលដៅនីមួយៗ ពាសពេញទីតាំងនៃការប្រារព្ធនៃព្រះរាជពិធី។ បន្ថែមពីនេះ ក៏មានក្រុមគ្រូពេទ្យអញ្ជើញមកពីបណ្តាខេត្តនីមួយៗ ចំនួន ២៦ទីតាំងបន្ថែម ដើម្បីផ្តល់សេវាការពារសុខភាពដល់ក្រុមកីឡាករ កីឡាការិនីចំណុះទូកផងដែរ។ ក្នុងនោះដែរ ក្រសួងសុខាភិបាល បានរៀបចំផែនការដែលមានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះ ចំនួន ២២គ្រឿង និងមន្ទីរពេទ្យជាតិចំនួន ៧កន្លែង រួមទាំងមន្ទីរពេទ្យបង្អែក ក្នុងរាជធានី ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងករណីមានការចាំបាច់ ឬបន្ទាន់ណាមួយកើតឡើង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាព ដោយត្រូវរក្សាអនាម័យឱ្យបានល្អជាប់ជាប្រចាំ។ បើសិនមានកុមារតូច និងមនុស្សវ័យចំណាស់ សូមមានការប្រុងប្រយ័ត្ន កុំទៅកន្លែងដែលមានមនុស្សច្រើនកកកុញ ហើយកុំរុញច្រានគ្នា ចៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើង។

ជាចុងក្រោយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញចូលរួមទស្សនា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យបានច្រើនកុះកុរ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានភាពសប្បាយរីករាយ សុខសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print