ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រទីបបរិស្ថាន ក្នុងចំណោមប្រទីបទាំង ៣៦ បានចេញដំណើរវេលាម៉ោង ១៧:៧នាទី អមដោយភ្លើងពណ៌ចម្រុះចែងចាំង និងរស់រវើក រំកិលខ្លួននៅផ្ទៃទឹកមុខព្រះមរមរាជវាំង ជូនដល់សាធារណជនទស្សនា នូវរូបសណ្ឋានទ្រដោយសត្វនាគសេសៈ ឬ អនន្ត ឬ វាសុគិ ជាសត្វនាគដែលមានកំណើតពីការផ្គុំធាតុកើតឡើងឯងៗ មានជីវិតអមតៈ ហើយមានកំណើតក្នុងឋានទេវលោក។ នាគជាសត្វដ៏អស្ចារ្យ ជាសត្វអច្ឆរិយៈដ៏មានមហិទ្ធិឬទ្ធិ ទាក់ទងទៅនឹងរឿងព្រេងដែលនិយាយពីដើមកំណើតខ្មែរលើទឹកដីសុវណ្ណភូមិរបស់យើង។ និមិត្តរូបសត្វនាគនៅក្នុងប្រទីបក្រសួងបរិស្ថាន មានសត្វនាគទ្រទឹក ទ្រភពផែនដី ដែលជាប្រភពនៃជីវិតមនុស្ស សត្វ និងរុក្ខជាតិ។
នៅផ្នែកខាងមុខនៃប្រទីបបរិស្ថាន មានទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត មានពណ៌បៃតងស្រងាត់ គឺជាជង្រុកនៃជីវិត និងជាសួតរបស់ពិភពលោក ធ្វើឱ្យភពផែនដីយើង មានអុកស៊ីហ្សែនសម្រាប់ភាវរស់ដកដង្ហើម តាមរយៈការធ្វើរស្មីសំយោគ ស្រូបយកឧស្ម័នកាបូនិក រួចបញ្ចេញនូវអុកស៊ីហ្សែនទៅក្នុងបរិយាកាសដែលសត្វលោកទាំងអស់ត្រូវការ។ នៅក្នុងព្រៃព្រឹក្សា មានវត្តមានដ៏អស្ចារ្យ របស់សត្វព្រៃតូចធំប្រមូលផ្តុំចែកគ្នារស់ទៅតាមសមាអាជីវោរបស់វា មានសត្វដំរី ខ្លា ឈ្លូស ប្រើស ក្តាន់… រកចំណី មានហ្វូងបក្សាបក្សីខ្ញៀវខ្ញារ ស្រែកទ្រហឹងអឺងកង ប្រកូកហៅអ្នកទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាធម្មជាតិ នៅតាមបណ្តាតំបន់អេកូទេសចរណ៍ ដែលកំពុងតែរីកចម្រើន ដុះដាលស្ទើរគ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅផ្ទៃកណ្តាល រង្វង់មូលរបស់ប្រទីប មានចារឹកយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដ៏ស្រស់ស្អាត ដែលមានស្នូលយុទ្ធសាស្រ្តចំនួន៣(បី) គឺ “រដ្ឋបាល គោលនយោបាយ និងផ្សព្វផ្សាយ” ដែលជាចលករនៃការអភិវឌ្ឍ បង្វិលកង់ចក្រា ធ្វើឱ្យយុទ្ធសាស្រ្តស្នូលចំនួន៣(បី)ទៀត រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព ដោយអនុឡោមទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅពីក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន រំលេចដោយអក្សរ “ក្រសួងបរិស្ថាន” ដែលអមដោយអក្សរ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ពន្លកនៃភាពបៃតង និងភាពស្អាត”យ៉ាងច្បាស់ និងទាក់ទាញផងដែរ។
ប្រទីបបរិស្ថាន រួមជាមួយប្រទីបទាំង៣៦ បន្ទាប់ពីបានបង្ហាញជូនសាធារណជនទស្សនា ឡើង-ចុះអស់រយះពេល៥ម៉ោង លើផ្ទៃទឹកមុខព្រះបរមរាជវាំង រហូតដល់ស្ពានជ្រោយចង្វារ បានរំកិលចូលចំណតដោយសុវត្ថិភាព និងបន្តបំភ្លឺជូនសាធារណជនទស្សនា ព្រមទាំងថតរូបកំសាន្តផងដែរ៕ ដោយ៖តារា