(សិនជិន, ចិន)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក លីម ឡោក ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុង “វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤” នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្មីៗនេះដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ អ្នករៀបចំគោលនយោបាយ និងធុរជន ប្រមាណជាង៥០០នាក់ ក្នុងគោលបំណពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនរួមគ្នា លើវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើន និងជំរុញសហគមន៍ធុរកិច្ចដែលប្រកបដោយភាពធន់ និងការសម្លឹងឆ្ពោះទៅមុខ។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើងអំពីចក្ខុវិស័យសំខាន់ៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយផ្តោតលើសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ RCEP ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នាននេះ លោករដ្ឋលេខាធិការ បានកត់សម្គាល់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនៃការធ្វើសមាហរណកម្មរួមគ្នានៅក្នុងតំបន់ឆ្នេរសមុទ្រ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ការចាប់យកខ្សែរច្រវាក់ផ្គត់ផ្គង់ និងការបង្កើនការតភ្ជាប់ឌីជីថល។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ដែលយកចិត្តទុកដាក់ខ្ពស់លើការធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា ផ្សាភ្ជាប់រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុកជាមួយអ្នកទិញមកពីទូទាំងពិភពលោកសំដៅបង្កើនការនាំចេញពីកម្ពុជាទៅទីផ្សារបរទេស។
អំឡុងពេលនៃការចូលរួមក្នុងវេទិកានេះដែរ លោករដ្ឋលេខាធិការ ក៏បានជួបពិភាក្សាជាមួយ លោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន ដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ៗក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកការនាំចេញកសិផល និងបង្កើនភាពជាដៃគូជាមួយវិស័យឯកជន។ ក្នុងជំនួបនេះ លោកអគ្គលេខាធិការ បានបង្ហាញអំពីគោលបំណងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូ ដែលនេះជាសញ្ញាណដ៏ល្អនៃអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-ចិន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕