ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ បានបញ្ចប់ទៅ ដោយភាពជោគជ័យក្រោមម្លប់សុខសន្តិភាពនិងភាពសប្បាយរីករាយក្រៃលែង

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅយ៉ាងមហាឡារឹកជាទីបំផុតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងមហាជនចូលរួមមកយ៉ាងច្រើនកុះករ ដែលធ្វើឱ្យព្រះរាជពិធីនេះ មានភាពអធឹកអធមសប្បាយក្រៃលែង។

នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះ ដែលជាថ្ងៃទីបី ដែលជាថ្ងៃបិទបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឬទ័យ ស្តេចយាងទតដោយផ្ទាល់ពីសកម្មភាព ការប្រណាំងទូកង ទូកមួងរបស់ក្រុមកីឡាករ កីឡាការិនីមកពីតាមបណ្តាខេត្តដែលបានចូលរួមប្រណាំងយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមជ័យលាភីត្រលប់ទៅកាន់ស្រុកកំណើតវិញ។

ក្រោយពីព្រះពិធីប្រណាំងបានបញ្ចប់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រទានពានរង្វាន់ ដល់ក្រុមកីឡាករ កីឡាការិនីទូកង ទូកចែវដែលទទួលបានជ័យលាភី ជាទូកឆ្នើមលេខ១ ដែលមានល្បឿនលឿនជាងគេ រួមទំាងទូកដែលមានសោភ័ណភាពល្អស្រស់ស្អាតជាងគេផងដែរ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងជាអនុប្រធាននៃអនុគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគនៃការប្រកួតទូក «ង» បានឱ្យដឹងថា ព្រះរាជពិធីប្រណាំងទូករយៈពេលបីថ្ងៃនេះ បានបញ្ចប់ដោយភាពជោគជ័យនិងរលូនជាទីបំផុត ហើយការប្រណាំងទូកធានាសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ណាមួយកើតឡើង ចំពោះក្រុមកីឡាករ កីឡាការិនីឡើយ ពិសេសព្រះរាជពិធីកាត់ព្រ័ត្រនិងចាប់កូនខ្លែង បានប្រព្រឹត្តទៅយ៉ាងល្អ និងមានរបៀបរៀបរយស្រស់ស្អាត ប្រៀបបាន ទៅនឹង ក្បួនប្រយុទ្ធរបស់កងទ័ពជើងទឹកខ្មែរដ៏អង់អាចក្លាហានវាយបង្ក្រាបបានជោគជ័យលើពួកខ្មាំងសត្រូវ។
លោកបានបញ្ជាក់ថា ក្នុងព្រះរាជពិធីប្រណាំងទូកទំាង៣ថ្ងៃនេះ គឺបានបានរកឃើញទូកគូរពិសេសលេខ១ដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០២៤នេះ គឺបានទៅលើទូកឈ្មោះ តេជោកែវវិជ័យបារមីចៅសែន មកពីខេត្តពោធិ៍សាត់ ទូកលេខ២ បានទៅលើទូកឈ្មោះ សារាយតេជោសែនជ័យ មកពីខេត្តកណ្តាល និងលេខ៣បានទៅលើទូកឈ្មោះ កោះកេរធិបតី មកពីខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺព្រះរាជពិធីបុណ្យប្រចាំឆ្នាំដ៏ធំរបស់កម្ពុជាមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវហើយបានឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់សុខសន្តិភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print