ខេត្តក្រចេះ÷ «សូមក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ខិតខំប្រឹង ប្រែងសិក្សារៀនសូត្របន្ថែមទៀតនៅកម្រិតឧត្តមសិក្សា និងជ្រើសរើសយកជំនាញដែលខ្លួនពេញចិត្ត និងតាមឧបនិស័យដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកប ដោយសមត្ថភាព គុណភាពនិងសីលធម៌ចូលរួមក្នុងការបម្រើជាតិមាតុភូមិឱ្យរីកចម្រើន»។ នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីចែករង្វាន់ដល់សិស្សានុសិស្សនៃវិទ្យាល័យសិលាវេទី គាត ឈន់ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ចំនួនចំនួន ២១៨ នាក់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ និទ្ទេស A ,B ,C ,D និង E ក្នុងសម័យប្រលងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កន្លងមក។
ពិធីសំណេះសំណាល និងចែករង្វាន់ដល់សិស្សប្រឡង ជាប់សញ្ញាបត្រទុតិយភូមិនិទ្ទេស A ,B ,C ,D និង E នៃវិទ្យាល័យសិលាវេទី គាត ឈន់ ក្នុងស្រុកឆ្លូងនេះក៏មាន ការអញ្ជើញចូលរួមពីលោក ឆាន់ សាផាន រដ្ឋលេខាធិ ការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆ្លូង និងប្រធានគណៈកម្មាធិការគ្រប់គ្រងមូលនិធិសិលាវេទី។ មូលនិធិសិលាវេទីនេះបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រ និងលើកទឹកចិត្តដល់សិស្សានុសិស្សនៃវិទ្យាល័យសិលាវេទី គាត ឈន់ និងបានផ្តល់រង្វាន់លើកទឹកចិត្តជារៀងរាល់ឆ្នាំដល់សិស្សជ័យលាភីនៃការប្រឡង សញ្ញាបត្រទុតិយភូមិ។ រង្វាន់ដែលផ្តល់ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំង ២១៨ រូបនៃវិទ្យាល័យសិលាវេទី គាត ឈន់ មានទឹកប្រាក់ចំនួន ១៩៦ ៦០០ ០០០ រៀលស្មើនឹង ៤៨ ៣៩០ ដុល្លារអាម៉េរិក បានទទួលការគាំទ្រពីមូលនិធិសិលាវេទីដឹកនាំដោយឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា ក្នុងនាមក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ មាតាបិតាសិស្ស និងសិស្សានុសិស្សសូមថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងក្រុមគ្រួសារដែលបានផ្តួចផ្តើមគំនិតបង្កើតមូលនិធិសិលាវេទីនេះឡើងដើម្បីជួយទ្រទ្រង់ និងគាំទ្រ ក៏ដូចជាផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងរៀនសូត្រ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញមោទកភាពចំពោះលទ្ធផលដែលសម្រេចបានរបស់សិស្សវិទ្យាល័យសិលាវេទី គាត ឈន់ ក្នុងការប្រឡងនាពេលកន្លងទៅ ហើយពីមួយឆ្នាំទៅមួយឆ្នាំ សិស្សដែលបានប្រឡង់បញ្ចប់ការសិក្សាកាន់តែមានកំណើន និងអត្រាជាប់ខ្ពស់។ នេះបង្ហាញពីប្រសិទ្ធភាពនៃប្រព័ន្ធអប់រំកម្ពុជា ក្រោមការកំណែទម្រង់ដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការខិតខំប្រឹងប្រែងរៀនសូត្រក្រេបចំណេះ វិជ្ជារបស់សិស្សានុសិស្ស។
នៅក្នុងសម័យប្រឡងទុតិយភូមិឆ្នាំ២០២៤ នេះ ក្នុង ចំណោមបេក្ខជន ២៨៤ រូបរបស់វិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង មានសិស្សចំនួន ២១៨ រូបបានប្រឡងជាប់ក្នុងនោះរួមមាន៖ សិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៦ រូប, សិស្សប្រឡងជាប់និទ្ទេស B ចំនួន ២៦ រូប, សិស្សប្រឡងជាប់និទ្ទេស C ចំនួន ៥២ រូប, សិស្សប្រឡង ជាប់និទ្ទេស D ចំនួន ៧០ រូប និងសិស្សប្រឡងជាប់និទ្ទេស E ចំនួន ៥៤ រូប។ ចំពោះសិស្សជ័យលាភីទាំងនេះ ត្រូវបានមូលនិធិសិលាវេទីរបស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ផ្តល់ជូននូវម៉ូតូនិងមួកសម្រាប់សិស្សនិទ្ទេស A និងរង្វាន់ថវិកាសម្រាប់និទ្ទេស B ចំនួន ២០ម៉ឺនរៀលក្នុងម្នាក់, សិស្សនិទ្ទេស C ចំនួនថវិកា ១៥ម៉ឺនក្នុងម្នាក់, សិស្សនិទ្ទេស D ចំនួន ១២ម៉ឺនរៀលក្នុងម្នាក់ និង និងសិស្សប្រឡងជាប់និទ្ទេស E ចំនួន ១០ម៉ឺនរៀលក្នុងម្នាក់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងក្រុមគ្រួសារ, លោកឆាន់ សាផាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឆ្លូងដែលគិតគូរយ៉ាងហ្មត់ចត់ និងបានវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ជាមួយគ្នានេះលោកក៏ថ្លែងកោតសរសើរដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ប្រឡងជាប់សញ្ញាបត្របានលទ្ធផលល្អ, អរគុណលោកគ្រូអ្នកគ្រូនៃវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូងដែលខិតខំប្រឹងប្រែងបង្រៀន ផ្ទេរចំណេញដឹងដល់សិស្សានុសិស្ស និងមាតាបិតាសិស្សដែលបានលះបង់សព្វបែបយ៉ាងដើម្បីកូនៗខ្លួន។
លោករដ្ឋមន្ត្រីបានថ្លែងថាក្មួយៗសិស្សានុសិស្សប្រឡង ជាប់ និងជោគជ័យក្នុងការសិក្សាមិនមែនត្រឹមតែបង្ហាញពីភាពជោគជ័យសម្រាប់ជីវិតផ្ទាល់ខ្លួននោះទេ ប៉ុន្តែបាននាំមកនូវមោទកភាពនិងកិត្តិយសសម្រាប់ក្រុមគ្រួសារ ឪពុកម្តាយ និងកេរ្តិ៍ឈ្មោះដល់សាលារៀន និងស្រុក កំណើតរបស់ខ្លួនថែមទៀត៕
ដោយ៖ សុរិយា