ខេត្តកណ្ដាល៖ ផ្ដើមចេញពីទាស់ពាក្យសម្តីគ្នាច្រើនលើកច្រើនសាររវាងប្តីប្រពន្ធ២នាក់ និងនគរបាលស័ក្តិ៥ម្នាក់ដែលជួលបន្ទប់ជាប់គ្នាកន្លងមក លុះមកដល់ថ្ងៃទី១៧យប់មិញនេះ ជនរងគ្រោះជាប្តីបានរករឿងជនសង្ស័យជានគរបាលដល់ក្នុងបន្ទប់ជួលជនសង្ស័យ រហូតធ្វើឲ្យជនសង្ស័យទប់កំហឹងមិនបាន ក៏ទាញកាំភ្លើងខ្លីបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៣គ្រាប់ និងបាញ់មួយគ្រាប់ទៀត ត្រូវប្រពន្ធជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ។ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ផ្ទុះអាវុធ) កើតឡើងថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី នៅចំណុចបន្ទប់ជួលលេខ៣ ភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សយ សុផានី ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ នគរបាលជាតិ ឋានន្តរសក្តិ វរសេនីយ៍ឯក ឋានៈ ប្រធានសាខាប្រមូលថវិការចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃស្រុកកំណេីតភូមិថ្នល់ចាក់សម្រាម ឃុំចាក់អង្រែ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បច្ចុប្បន្នស្នាក់បន្ទប់ជួលស្ថិតក្នុងភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះចំនួន២នាក់ ១.ឈ្មោះ ស៊ាង តូម៉ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ លក់កង់បី(PassApp) ទីលំនៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សីលិច ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន៣គ្រាប់)។ ២.ឈ្មោះ ជា សុភី ភេទស្រី អាយ៥៤ឆ្នាំ មុខរបរ នៅផ្ទះ
ទីលំនៅ ទីលំនៅ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន១គ្រាប់)។ផលប៉ះពាល់ ជនរងគ្រោះឈ្មោះ ស៊ាង តូម៉ា ត្រូវចំក្រោមឆ្អឹងជំនីខាងស្តាំ , កំភួនដៃខាងធ្វេង , ដៃខាងស្តាំ និងភ្លៅខាងធ្វេង។ ជនរងគ្រោះឈ្មោះ ជា សុភី ត្រូវចំភ្លៅខាងស្តាំ។ វត្ថុតាងដកហូតបានមាន÷ អាវុធខ្លី54 លេខ59000952 ចំនួន១ដើម ,បង់មានគ្រាប់ ចំនួន៤គ្រាប់ ,សំបកសន្ទុះចំនួន៤ ,ទូរស័ព្ទOppo ពណ៌ខ្មៅចំនួន១គ្រឿង។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា: ជនរងគ្រោះ២នាក់ប្តីប្រពន្ធរួមទាំងចៅ បានជួលបន្ទប់លេខ២ នៅជាប់បន្ទប់ជាមួយជនសង្ស័យដែលជួលបន្ទប់លេខ៣ ហើយតែងតែមានពាក្យសំដីមិនត្រូវគ្នា មានរឿងបញ្ហាមាត់ឡូឡាលឺៗ ជាញឹកញាប់ នៅជិតបន្ទប់ជនសង្ស័យ។ លុះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី សង្ស័យឈ្មោះ សយ សុផានី បានអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូកង់បី(Pass App) របស់ខ្លួនមក ដល់បន្ទប់មានសភាពស្រវឹងទាំង២នាក់ បានដល់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេរ ដោយពាក្យសំដីថា ហែងពូកែថ្លង់ អញធ្វើឱ្យថ្លង់ ក៏បិទទ្វារលឺសូរ ហើយក៏ជេរទៀត បន្ទាប់មកជនសង្ស័យស្រែកហៅម្ទាស់ផ្ទះជួលឱ្យជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ជេរសម្លេងលឺៗ ក៏ធ្វើឱ្យជនសង្ស័យប៉ះពាក្យសំដី ភ្លាមនោះ ជនរងគ្រោះបានដើរចូលបន្ទប់ជនសង្ស័យ ធ្វើឱ្យជនសង្ស័យយកកាំភ្លើងចេញមក ក៏បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ ធ្វើឱ្យជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ បានហៅឱ្យគេជួយ។បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានចុះមកដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
តាមការរៀបរាប់របស់ជនសង្ស័យថា ជនរងគ្រោះមកពីផឹកស៊ីស្រវឹង បានជេរដោយពុំមានមូលហេតុ ហើយបានរករឿងជនសង្ស័យដល់ក្នុងបន្ទប់ ក៏ខឹងទាញកាំភ្លើងបាញ់មកលើជនរងគ្រោះតែម្ដងទៅ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕
ដោយ៖ ស្អាងជ័យ