ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មការជាតិ និងអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា ក្រសួងការពារជាតិកម្ពុជា បានកំពុងរៀបចំសំណើរទៅកាន់អង្គការសហប្រជា ជាតិដើម្បីស្នើសុំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដោយកិច្ចប្រជុំនេះនឹងមានប្រទេសជាសមាជិក ជិត១០០ចូលរួម។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គគម្រោងត្រីភាគីកម្ពុជា កូរ៉េ និងអង្គការ សហប្រជាជាតិ(UNTPP) នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (KPO) ដែលស្ថិតនៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ បានបញ្ជូនកងកម្លាំងទាហានមួកខៀវរបស់ខ្លួនទៅចូលរួមថែរក្សាសន្តិភាពពិភពលោកជាបន្តបន្ទាប់ ក្រោយមានការស្នើសុំពីអង្គការសហប្រជាជាតិ ហើយតាមរយៈបេសកកម្មដ៏ធំនេះកម្ពុជាបានស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដោយសារតែកង ទ័ពកម្ពុជាមានជំនាញច្បាស់លាស់លើកិច្ចការទាំងនេះ ថែមទាំងអាចហ្វឹកហ្វឺនដល់ប្រទេសមួយចំនួនក្នុងតំ បន់ផងដែរក្រោមគម្រោងសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ ដូចជាប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ ដោយមានការសម្របសម្រួលពីអង្គការសហប្រជាជាតិនោះ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់បន្ថែមថា ក្រៅពីកម្ពុជាធ្វើជាម្ចាស់ផ្ទះបើកវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគីកម្ពុជា កូរ៉េ និងអង្គការសហប្រជាជាតិ(UNTPP) ដោយមានប្រទេសប្រាំបីចូលរួមនាពេលនេះ កម្ពុជាក៏កំពុងរៀបចំដាក់សំណើរទៅកាន់អង្គការសហប្រជាជាតិ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នាពេលខាងមុខនេះផងដែរ ខណៈកិច្ចប្រជុំនេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់រដ្ឋជាសមាជិក ដើម្បីរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរួមមួយ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាព និងផលប៉ះពាល់របស់ពួកគេលើសហគមន៍ដែលពួកគេបំពេញការងារនោះ។
សូមបញ្ជាក់ថា កម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះជាលើកទី២ នូវវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិ ខណៈវគ្គហ្វឹកហ្វឺនដល់សិក្ខាកាមជាតិ និងអន្តរជាតិនេះ ក្នុងគោលបំណង បង្កើនសមត្ថភាពលើជំនាញបច្ចេកទេសបញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់ នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុងពេលប្រតិបត្តិការ និងនីតិវិធីជួយសង្គ្រោះ នៅលើទីលាន ក្នុងដំណាក់កាលបឋមឱ្យមានគុណវុឌ្ឍិ និងស្ទាត់ជំនាញដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ ខ.ភ.ម ដើម្បីគាំទ្រដល់ប្រតិបត្តិការ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមតម្រូវការរបស់បេសកកម្មអង្គការសហប្រជាជាតិជាដើម។ វគ្គហ្វឹកហ្វឺនជាលើកទី២នេះ គឺមានសិក្ខាកាមមកពីប្រទេសចំនួន៨ចូលរួមកម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពី និងស្រីលង្កាជាដើម៕ដោយ៖តារា