ភ្នំពេញ ៖ ក្នុងរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវ បានបន្តផ្ដល់សេវាប័ណ្ណព្រំដែន ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ចេញចូលឆ្លងដែនក្នុងជីវភាពប្រចាំថ្ងៃ បានសរុបជាង១៩ពាន់ក្បាល ក្នុងនោះខេត្តជាប់ព្រំដែនប្រទេសថៃ មានចំនួនច្រើនបំផុត បើធៀបនឹងខេត្តជាប់ព្រំដែនប្រទេសឡាវ។
បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមប័ណ្ណព្រំដែនជាង១៩ពាន់ក្បាលនោះ ការផ្ដល់ជូននៅខេត្តជាប់ព្រំដែនប្រទេសឡាវមានតែ១៧ក្បាលប៉ុណ្ណោះ ស្របពេលខេត្តជាប់ព្រំដែនប្រទេសថៃ រួមមានខេត្តបន្ទាយមានជ័យ ផ្ដល់បាន ៩.៨១៩ក្បាល ខេត្តប៉ៃលិន៣.៥២១ក្បាល ខេត្តឧត្តរមានជ័យ២.៩៩៩ក្បាល ខេត្តបាត់ដំបង២.៤៦៧ក្បាល និងខេត្តកោះកុង ផ្ដល់បាន៣៩៦ក្បាល។
ដោយឡែកនៅក្នុងរយៈពេលដូចគ្នានោះ អគ្គនាយករដ្ឋនរដ្ឋបាល ក៏បានបន្តបើកផ្ដល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ បាត់ដំបង និងឧត្តរមានជ័យ ដើម្បីបន្តយកទៅបំពេញបែបបទផ្ដល់សេវាជូនប្រជាពលរដ្ឋ បានចំនួន១៣.០០០ក្បាលដែរ ក្នុងនោះខេត្តបន្ទាយមានជ័យមាន៦.០០ក្បាល ឧត្តរមានជ័យ មាន៤.៥០០ក្បាល និងខេត្តបាត់ដំបង មាន២.៥០០ក្បាល ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ ដដែល។
សូមបញ្ជាក់ថា ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ ធ្វើឡើងនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀតតាមការចាំបាច់ដែលកំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ និងប្រព័ន្ធគ្រប់គ្រងប័ណ្ណព្រំដែនកម្ពុជា៕
ប្រភព ៖ មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ