ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុប ៨,៣៣៩នាក់ ( ស្រី ៤,៤០១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧អង្គ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្ដេចធិបតី ថ្លែងលើកទឹកឱ្យធ្វើការផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ព្រោះតែការផ្សព្វផ្សាយនេះហើយទើបធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជាកើនឡើង។ សម្ដេចធិបតីបញ្ជាក់ថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្ដែការផ្សព្វផ្សាយវិជ្ជមាន គឺដើម្បីកម្ពុជាទាំងអស់គ្នា។
– សម្ដេចធិបតី ថ្លែងបញ្ជាក់សារជាថ្មីថា គ្មានការដោះដូរ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នោះទេ ប៉ុន្ដែគឺមានការពង្រីកសាលាបន្ថែមដោយសារតែកំណើននិស្សិតមានការចុះឈ្មោះចូលរៀននៅសាលានេះកាន់តែច្រើន។
-សម្ដេចធិបតី ប្រកាសថ្លែងអំណរគុណដល់បណ្ដាសាកលវិទ្យា ដែលបានផ្ដល់អាហារូបករណ៍ដល់សម្ដេចតេជោ (សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត) ដែលអាចផ្ដល់ឱកាសដល់និស្សិតដែលគ្មានលទ្ធភាពអាបន្តការសិក្សានៅសាកលវិទ្យាល័យបាន។
-សម្ដេចធិបតី ថ្លែងថា ឱកាសការងារមានច្រើនកម្រិត ច្រើនប្រភេទ និងច្រើនទីកន្លែង អ៊ីចឹងការទទួលបានការងារក៏ផ្សេងៗគ្នា ហើយការទទួលបានការងារមុខតំណែងកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ និងជំនាញកាន់តែខ្ពស់ ដូច្នេះឱកាសដែលមានអាស្រ័យទៅលើសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិរបស់សិស្ស និស្សិតផ្ទាល់។
-សម្ដេចធិបតី ថ្លែងថា នៅកម្ពុជាគ្មានការបែងចែកវណ្ណៈនោះទេ ដូច្នេះកូនអ្នកនេសាទ ឬកូនអ្នកកសិករ អ្នកស្រែចម្ការ ក៏អាចក្លាយជាមន្រ្ដីរាជការ អ្នកដឹកនាំនៅតាមបណ្ដាក្រសួង ស្ថាប័ននានា ក៏ដូចជាអ្នកជោគជ័យនៅក្នុងជំនួញផងដែរ លទ្ធផលទាំងនេះ គឺអាស្រ័យទៅលើការអប់រំរបស់ពួកគេ។
-សម្ដេចធិបតី ថ្លែងថា សភាពការណ៍ពិភពលោកដើរលឿនណាស់ ហើយការប្រកួតប្រជែងក៏មានការប្រកួតប្រជែងខ្លាំងណាស់ដែរ ទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច ដូច្នេះទាមទារឱ្យកម្ពុជាមានធនធានមនុស្សដែលខ្លាំង និងមានសមត្ថភាពក្នុងការប្រកួតប្រជែង ខណៈដែរកម្ពុជាមិនត្រឹមតែទាក់ទាញការវិនិយោគក្នុងវិស័យរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏ត្រូវទាក់ទាញកាវិនិយោគលើវិស័យបច្ចេកវិទ្យា និងយានយន្តទំនើបផងដែរ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ក្រុមហ៊ុន BYD កំពុងចរចាមកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំក្រោយ ខណៈកម្ពុជាក៏កំពុងមានក្រុមហ៊ុនរថយន្តរបស់ជប៉ុន កូរ៉េ និងក្រុមហ៊ុនរថយន្តជាច្រើនទៀតកំពុងវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា វិស័យ ឧស្សាហកម្ម និងកម្មន្តសាល និងបច្ចេកវិទ្យា ជាវិស័យអាទិភាពចំបងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះរាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍ និងវិនិយោគលើវិស័យនេះ ដើម្បីអនុវត្តនៅឆ្នាំ ២០២៥ ខាងមុខ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល កំពុងពន្លឿនការចរចាជាមួយវិស័យឯកជនឱ្យឆាប់ចប់លើការតភ្ជាប់ប្រព័ន្ធផ្លូវដែក ដើម្បីជួយជំរុញវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។
-សម្ដេចធិបតី បានបញ្ជាឱ្យសិក្សាបន្ថែមលើការស្ថាបនាផ្លូវរថភ្លើងខ្លីមួយខ្សែបន្ថែមនៅលើទឹកដីខេត្តសៀមរាប ដើម្បីផ្ដល់ភាពងាយស្រួលដល់ការដឹកញ្ជូន វិស័យទេសចរណ៍នៅខេត្តសៀមរាប។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ដោយសារតែបញ្ហាសេដ្ឋកិច្ចសាកលប្រទេសជិតខាងកម្ពុជាមួយចំនួនមានបញ្ហាអតិផរណា ដែលបណ្ដាលឱ្យទំនិញមួយចំនួនឡើងថ្ងៃរហូតដល់ទៅ ៣០% ប៉ុន្ដែប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបាន មិនឱ្យមានបញ្ហាអតិផរណានេះ កើតឡើងឡើយ។
-សម្ដេចធិបតី ប្រកាសផ្ដាំទៅនិស្សិតថា ប្អូនអាចធ្វើការងារធំជោគជ័យទៅបាន ទាល់តែប្អូនអាចធ្វើការងារជោគជ័យពីតូចៗទៅជាមុនសិន ខណៈដែលរាជរដ្ឋាភិបាលក៏បានអនុវត្តបែបនេះដែរ គឺអនុវត្តឱ្យបានល្អតាំងតែពីការងារតូច ល្អិត ទៅតែម្ដង។
-សម្ដេចធិបតី ថ្លែងផ្ដាំទៅនិស្សិតឱ្យយកចំណេះរបស់ខ្លួនដែលបានខិតខំរៀនសូត្រ យកទៅអនុវត្តឱ្យស្របទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ កុំយកចំណេះទៅអនុវត្តខុស។
-សម្ដេចធិបតី ប្រកាសផ្ដាំទៅនិស្សិតឱ្យប្រើប្រាស់ចំណេះដឹងឱ្យសាកសមជាបញ្ញវន្ត កុំពឹងលើការសម្រេចចិត្តរបស់អ្នកដទៃ និស្សិតដែលខិតខំសិក្សារៀនសូត្រត្រូវយកចំណេះដឹងមកសម្រេចចិត្តដោយឯករាជ្យ ម្ចាស់ការលើខ្លួនឯង ក្រោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
-ប្រតិកម្មតបនឹងអ្នកចោទប្រកាន់ ថា រដ្ឋាភិបាលធ្វើឱ្យបាត់ «កោះគុត» សម្ដេចធិបតី ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានដាក់ជាសំណួរថា តើមានអំណះអំណាងអ្វីមកបញ្ជាក់ថា «កោះគុត» កាប់កាន់ដោយភាគីថៃ ខណៈភាគីកម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាផងនោះ ហើយភាគីទាំងពីរ បាននិងកំពុងចរចាគ្នា។
-សម្ដេចធិបតី ផ្ញើសារជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងរឿងកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ គឺទី១ រាជរដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ ទី២ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
-សម្ដេចធិបតី ថ្លែងបន្តថា ភាពចាស់ទុំ គឺមិនយកភ្លើងចូលផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្នមិនទាន់បញ្ចប់នៅឡើយ។ ប៉ុន្ដែរឿងនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បានទាញយកមកដើម្បី តែផលប្រយោជន៍នយោបាយរបស់ពួកគេ។
-សម្ដេចធិបតី ថ្លែងចោទសួរថា ក្រុមប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃថា បានធ្វើឱ្យបាត់កោះគុត មកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលនៅក្នុងសមុទ្រ? ខណៈព្រំដែនសមុទ្រកម្ពុជា-ថៃមិនទាន់បានបោះបង្គោលឯកភាពគ្នាចប់សព្វគ្រប់នៅឡើយ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ជាសាធារណៈជាថ្មីថា រដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រនោះឡើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការដោះស្រាយបញ្ហាព្រំដែន គឺយើងប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ដោះស្រាយតាមយន្ត ការដែលមាន តាមច្បាប់ និងបច្ចេកទេសអន្តរជាតិ។
-សម្ដេចធិបតី ថ្លែងថា ការស្នើឱ្យរដ្ឋាភិបាលបញ្ចេញឯកសារ និងយុទ្ធវិធីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាការស្នើដែលមានភាពល្ងង់ខ្លៅបំផុត។
-សម្ដេចធិបតី បន្ថែមថា ចង់ដឹងពីវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែន សូមរង់ចាំមើលលទ្ធផល។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនឹងប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនឱ្យបានប្រយោជន៍ជាអតិបរមា(ច្រើនបំផុត)ដល់កម្ពុជា។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ក្រោយកម្ពុជាបោះបង្កោលព្រំដែនដីគោក និងព្រំដែនទឹកចប់សព្វគ្រប់ដែនដីកម្ពុជា អាចកើនឡើងលើពីផែនទីកំណត់បច្ចុប្បន្ន ដូច្នេះបងប្អូនដែលទៅចាក់សាក់លើទំហំផ្ទៃដី បច្ចុប្បន្នអាចត្រូវលុបចេញ និងផ្លាស់ប្ដូរ៕ដោយ៖តារា