អាជ្ញាធរខេត្តតាកែវ ប្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិក្សាឱ្យបានច្បាស់មុននឹងសម្រេចផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋ ជៀសវាងមានការប្ដឹងផ្ដល់រឹបអូសផ្ទះ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្នុងឱកាសចុះចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ នៅឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ដោយមានការចូលរួមពីម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរនោះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់បុគ្គលិកធនាគារ និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មុននឹងផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ត្រូវចុះមកសិក្សា និងស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាសកើតមានបញ្ហាពេលសងត្រឡប់មកវិញ។

លោក អភិបាលខេត្តតាកែវ បានថ្លែងបន្តថា បន្ទាប់ពីអាជ្ញាធរចែកប្លង់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ពិតជាមានប្រជាពលរដ្ឋមួយចំនួន យកប្លង់កម្មសិទ្ធដីធ្លីនេះ ទៅដាក់បញ្ចាំនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីខ្ចីប្រាក់ យកទៅទិញជី របស់របរប្រើប្រាស់ ឬប្រកបអាជីវកម្មផ្សេងៗទៀត។ ដូច្នោះមុននឹងសម្រេចផ្តល់ប្រាក់កម្ចី ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញវត្ថុ ត្រូវសិក្សាឱ្យបានច្បាស់លាស់ ជៀសវាមានបញ្ហាសងប្រាក់ត្រលប់មកវិញមានការយឺតយ៉ាវ ដែលនាំឱ្យមានការប្ដឹងផ្ដល់ទៅតុលាការរឹបអូសយកដីធ្លី ឬផ្ទះសម្បែងប្រជាពលរដ្ឋ។

លោក អភិបាលខេត្តតាកែវ បានថ្លែងបន្តថា អាជ្ញាធរមិនគាំទ្រការប្ដឹងរឹបអូសយកដីធ្លី ឬផ្ទះសម្បែងប្រជាពលរដ្ឋនោះទេ ព្រោះបើមានបញ្ហាការប្ដឹងផ្ដល់រឹបអូសផ្ទះសម្បែងប្រជាពលរដ្ឋ អ្នកដែលរងគ្រោះមុនគេ គឺរាជរដ្ឋាភិបាល ហើយក្រុមប្រឆាំងនឹងធ្វើការវាយប្រហាររាជរដ្ឋាភិបាលថា ដឹកនាំប្រទេសឱ្យគេរឹបអូសផ្ទះប្រជាពលរដ្ឋ ដូច្នោះពេលមានបញ្ហាការសងប្រាក់ ធនាគារ ឬគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការឱ្យអស់លទ្ធភាព ជៀសវាងការប្ដឹងប្រជាពលរដ្ឋទៅតុលាការ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print