មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មថា មន្ទីរទាំងអស់ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួង ជាឪ ឯ រាជធានី-ខេត្តជាម៉ែ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ មន្ទីរទាំងអស់ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួង ជាឪ ឯរាជធានី-ខេត្ត ជាម៉ែ។ រាល់សកម្មភាពការងាររបស់មន្ទីរគឺដឹកនាំបញ្ជាពីក្រសួងនិងរាជធានី-ខេត្ត បើក្រសួងនិងរាជធានី-ខេត្តដែលជាម៉ែជាឪ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីកាេងារគ្នានិងដាក់ទិសដៅតែមួយឲ្យមន្ទីរក្រោមឱវាទអនុវត្ត មិនធ្លាប់មានបញ្ហាទេ។

ការលើកឡើងបែបនេះ របស់ ឯកឧត្តម ឌិត ទីណា បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងកម្មពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោកញ៉ែម តារារិទ្ធ ត្រូវបានតែងតាំងជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញជំនួសលោកចាន់ រិទ្ធី ដែលចូននិវត្តន៍។
ឯកឧត្តម ឌិត ទីណា ក្នុងឱកាសនោះ ក៏សម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។អ្វីដែលយើងបានឃើញជាក់ស្តែងសំរាប់ព្រះរាជបុណ្យអុំទុកដែលបានកន្លងទៅប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរភ្នំពេញសហការជាមួយកងកម្លាំង រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សណ្ដាប់ធ្នាប់ល្អប្រសើរខ្លាំងណាស់ រហូតទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលថែមទៀត។
ឯកឧត្តម ឌិត ទីណា បានបន្តថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុន តែងតាំងដោយប្រកាសប៉ុណ្ណោះ។ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿ ទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារ ពិតជាមិនទទួលបានជោគជ័យនោះទេ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីស្ថានភាពការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ដែលការងារនេះរដ្ឋបាលរាជធានីភ្នំពេញអនុវត្តបានយ៉ាងល្អ រហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។
ឯកឧត្ដម បានលើកឡើងផងដែរថា ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនេះ ធ្វើឡើងជាធម្មតា សម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្ដមអភិបាលរាជធានីបានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការឱ្យបានល្អជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។
នៅក្នុងឱកាសនោះដែរ លោកញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញដែលបានផ្ដល់នូវជំនឿទុកចិត្ត តែងតាំងលោកជាប្រធានមន្ទីរកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ លោកបានប្តេជ្ញាចិត្តបំពេញការងារជូនអង្គភាព ក្រសួងកសិកម្មនិងរដ្ឋបាលរាជធានីភ្នំពេញអោយបានល្អបំផុត។រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងអោយបានល្អ ធ្វើអ្វីៗដើម្បីផលប្រយោជន៍រួម។ លោកប្ដេជ្ញា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យកសិកម្មនេះឲ្យកាន់តែល្អប្រសើរជាមួយនឹងការពង្រឹងប្រមូលពន្ធតាមអ្វីដែលអាចធ្វើទៅបាន៕ ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print