ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានដូចខាងក្រោម៖
-លោករដ្ឋមន្ត្រី កែវ រតនៈ បានឱ្យដឹងថា ក្នុងរយៈពេលមួយថ្ងៃកន្លះកន្លងទៅនេះ អង្គសន្និបាតបានធ្វើការវាយតម្លៃ និងពិភាក្សាលើការងារ១ឆ្នាំ៣ខែ កន្លងទៅ វិស័យរ៉ែ អាទិភាពទី១៖ បានការកាត់បន្ថយការិយាធិបតេយ្យដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទានរបស់វិស័យរជូនរដ្ឋ ក្នុងអាទិភាពនេះ ក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយដែលមានលក្ខណៈស្មើភាពដោយយកច្បាប់ និងគោលការណ៍ជាគោល។
-លោករដ្ឋមន្ត្រី បានឱ្យដឹងថា វិស័យរ៉ែ បានធ្វើវិភាគទានជាចំណូលមិន មែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលត្រូវជាប្រមាណ ១៧០% ធៀបឆ្នាំ២០២៣ ឬប្រមាណ ១៥០% នៃផែនការក្នុងច្បាប់ថវិកាឆ្នាំ២០២៤។ តាមការប៉ាន់ស្មាន ចំណូលសារពើពន្ធនៃអាជីវកម្មរ៉ែមាស អាចបានប្រមាណជិត ៣១ លានដុល្លារអាមេរិក សម្រាប់ ឆ្នាំ ២០២៤។ ដោយឡែក ចំណូលពីអាករលើការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទ បានប្រមាណ ៣១,៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងអាចកើនដល់ប្រមាណ ៦១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ តាមការព្យាករណ៍។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជាបានទទួលផលពីប្រតិបត្តិការរ៉ែប្រេងនៅប្លុក A បានមួយចំនួនហើយ និងកំពុងស្វែងរកដៃគូសហការដើម្បីរុករកនៅប្លុកដទៃទៀត។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ វិស័យប្រេងកាតបាន ផ្តល់សេវាសាធារណៈផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ចជូនរដ្ឋបានចំនួនប្រមាណ ១២,៣៥ លានដុល្លារអាមេរិក ($ 12,357,577)។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា វិស័យថាមពល កសាងបន្តលើមូលដ្ឋានដ៏រឹងមាំដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បានបន្សល់ទុក ហើយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបន្តសម្រួច គោលនយោបាយអន្តរកាលថាមពលកម្ពុជាឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ មានអភិក្រមចំនួន ៤ គឺ (១) បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់ (២) រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុ ចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល (៣) បង្កើនស្ថិរភាពនិងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើ ទំនើបកម្មការផ្តល់សេវា (៤) បង្កើនការផ្គត់ផ្គងប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និងជនបទ។ ក្រសួងនឹងយកភាពជោគជ័យនៃការអនុវត្តអភិក្រមទាំង៤នេះទៅបម្រើវិស័យផ្សេងៗ និងទាក់ទាញបង្កើន ភាពប្រកួតប្រជែងឱ្យសេដ្ឋកិច្ចកម្ពុជា បន្ថែមពីនោះតាមរយៈវិស័យថាមពល ក្រសួងក៏បានចូលរួមលើក កម្ពស់សមភាពយេនឌ័រផងដែរ។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា អភិក្រមទី១៖ បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់ កំពុងសាងសង់ប្រភពអគ្គិសនីថ្មីចំនួន ១៣ គម្រោង អានុភាពសរុប ១ ២៧៥ មេហ្គាវ៉ាត់ នឹងបន្ថែមចំនួន ២៣ គម្រោង សម្រាប់ឆ្នាំ២០២៥-២០២៩ អានុភាពសរុប ៥ ៩៥០ មេហ្គាវ៉ាត់ ដើម្បីឈានទៅឱ្យបាន ៧០% ជាថាមពលស្អាត ត្រឹមឆ្នាំ២០៣០ កំពុងដំណើរការបន្តការងារប្រសិទ្ធភាពថាមពល ក្នុងវិស័យដឹកជញ្ជូន អគារ និងឧស្សាហកម្ម ជាមួយភាគីពាក់ព័ន្ធ អនុវត្តនីតិវិធីគ្រប់គ្រងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ ឈានទៅអនុវត្តការចេញវិញ្ញាបនបត្រថាមពលកកើតឡើងវិញ ដើម្បីជំរុញឧស្សាហកម្មនាំចេញ។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា អភិក្រមទី២ ក្រសួងរ៉ែ បានបន្តរក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល បន្តឧបត្ថម្ភធនប្រមាណ ១២៥ លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីឱ្យថ្លៃអគ្គិសនីនៅមាន ស្ថិរភាពខណៈប្រទេសនានាកំពុងបន្តឡើងថ្លៃអគ្គិសនី ធ្វើឱ្យអ្នកប្រើប្រាស់ពីបណ្តាញជាតិ ៩៩,៧៣% មានថ្លៃដូចគ្នាទូទាំងប្រទេស បន្តរក្សាថ្លៃលក់សង្គមកិច្ច ៣៨០៛ ៤៨០៛ និង ៦១០៛ សម្រាប់លំនៅឋានចំណូលទាប និងមធ្យម និង៤៨០៛ សម្រាប់កសិកម្មដែលប្រើពេលយប់ បន្ថយថ្លៃលក់ជូនផ្នែកឧស្សាហកម្ម កសិកម្ម និងសណ្ឋាគារ សម្រាប់វិស័យទេសចរណ៍។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា ចំពោះអភិក្រមទី៣ ក្រសួងបានបង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មការផ្តល់សេវា ក្រសួងបានធ្វើទំនើបកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង បញ្ជា និងពង្រឹងសមត្ថភាពផ្គត់ ផ្គង់នានា ដើម្បីឱ្យការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាកាន់តែមានសមត្ថភាព និងកាន់តែមានស្ថិរភាព កាត់ បន្ថយការរអាក់រអួលដាច់ចរន្តអគ្គិសនីឱ្យកាន់តែតិចទៅៗ។
លោករដ្ឋមន្រ្ដី បានឱ្យដឹងថា វិស័យថាមពលបានធ្វើវិភាគទានជាចំណូលសារពើពន្ធគ្រប់ប្រភេទចំនួនប្រមាណ ៨៩.៧៥ លានដុល្លារ អាមេរិក ក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងចំនួនប្រមាណ ៨០,១០ លានដុល្លារអាមេរិក ក្នុងការអនុវត្តជាក់ ស្តែងរយៈពេល ៧ខែ ឆ្នាំ២០២៤។
លោករដ្ឋមន្រ្ដីក្រសួងរ៉ែ បានឱ្យដឹងថា ដើម្បីបង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌រវាងទីក្រុង និងជនបទ ក្រសួងបាន បន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនរង និងចែកចាយ ដើម្បីពង្រីកវិសាលភាព និងសមត្ថភាព ផ្គត់ផ្គង់ឱ្យបានដល់គ្រប់ទីកន្លែង។
ខណៈបច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិបានគ្របដណ្តប់ ៩៩.១៥% នៃចំនួន ភូមិទូទាំងប្រទេស និងភ្ជាប់ចរន្តឱ្យលំនៅឋានប្រជាពលរដ្ឋរហូតដល់ ៩៧.៨២% នៃលំនៅឋានទូទាំង ប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីស្មើភាពគ្នាទាំងថ្លៃ ទាំងគុណភាព ទាំង ការភ្ជាប់ចរន្ត និងទាំងសេវាផ្សេងៗទៀត ហើយក៏កំពុងដាក់ចេញនូវកម្មវិធី គីឡូម៉ែត្រចុងក្រោយ The Last Mile- ធ្វើឱ្យកម្ពុជាឆ្ពោះទៅមានអគ្គិសនីប្រើប្រាស់ ១០០%៕ដោយ៖តារា