កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ដីពីការបិទបញ្ជីចំណូល ចំណាយថវិកា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ   រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ដីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន.អនុប្រធានមន្ទីរពាក់ព័ន្ធ នាយក.នាយករង និងលោក លោកស្រី ប្រធានការិយាល័យអង្គភាព មេឃុំចំណុះឲ្យស្រុក កិច្ចប្រជុំធ្វើនៅសាលប្រជុំ (ក) នៃសាលាខេត្តបន្ទាយមានជ័យ។

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍ថា ថវិកាឆ្នាំ២០២៤ ត្រូវបានគិតគូរ និងរៀបចំឡើងដើម្បីទ្រទ្រង់ដល់ការថែរក្សានូវសមិទ្ធផលនានា ដែលសម្រេចបាន និងអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវអនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា និងក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខណ្ឌផ្ទៃក្នុងប្រទេស និងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ជាពិសេស ដើម្បីឱ្យសម្រេចបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្រ្តទាំង៥ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ទន្ទឹមនឹងនេះ ថវិកាឆ្នាំ២០២៤ ក៏បានផ្តោតការយកចិត្តទុកដាក់លើអាទិភាពគន្លឹះចំនួន៥ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយក្នុងនោះ មនុស្សត្រូវបានបន្តកំណត់យកជាអាទិភាពគន្លឹះទី១ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះ បន្តបន្ទាប់តាមលំដាប់ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងទិសដៅនៃការអភិវឌ្ឍកម្ពុជាក្នុងដំណាក់កាលថ្មីខាងមុខ។

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបន្តថា ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានអង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស អភិបាលនៃគណៈ អភិបាលខណ្ឌ ចៅសង្កាត់ ដែលជាអាណាប័កផ្ទេរសិទ្ធិ ត្រូវខិតខំជំរុញការប្រមូលប្រាក់ចំណូលសារពើពន្ធ និងប្រាក់ចំណូលមិនមែនសារពើពន្ធ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលសាមី និងរៀបចំសលាកបត្រ បង់ចំណូលថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ប្រសិនបើមានការយឺតយ៉ាវក្រោយថ្ងៃកំណត់នេះ រតនាគាររាជធានី ខេត្ត ត្រូវកត់ត្រាចូលជាចំណូលថវិកា រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ទីរសុខាភិបាលរាជធានី ខេត្ត និងអង្គភាពទីភ្នាក់ងារ ប្រតិបត្តិការពិសេស សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានសារៈសំខាន់ចាំបាច់សម្រាប់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត អង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស គណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីដែលពាក់ព័ន្ធ នឹងការអនុវត្តចំណូល ចំណាយថវិកាក្នុងឆ្នាំ២០២៤នេះ អោយសម្រេចបានតាមគោលដៅ និងគោលនយោបាយដែលរាជរដ្ឋាភិបាលបានកំណត់។ ធានាការគ្រប់គ្រង ការអនុវត្តថវិកាឈានទៅបង្កើតលទ្ធផលជាក់ស្តែងដែលអាចវាស់វែងបាន និងរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងគោលនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទីភ្នាក់ងារប្រតិបត្តិការពិសេស រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក៏ត្រូវអនុវត្តចំណាយថវិការបស់ខ្លួនអោយស្របតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា និងក្នុងកម្រិតឥណទានក្នុងជំពូក គណនី និងអនុគណនី និងតាមកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព សម្រាប់អង្គភាពអនុវត្តថវិកាកម្មវិធីនៅក្នុងថវិកាបានអនុម័ត៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print