ភ្នំពេញ៖ មន្ត្រីជំនាញ ICAPPបញ្ចប់ការពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងភ្នំពេញហើយ នឹងត្រៀមដាក់បញ្ចូលជារបៀបវារៈពិភាក្សាក្នុងមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីហៅកាត់ថា (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងនឹងបើកជាផ្លូវការនៅថ្ងៃនេះ ។
ការបញ្ចប់ការការពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងភ្នំពេញធ្វើឡើងនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសណ្ឋាគារ យ៉ៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដែលដឹកនាំដោយ លោក ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ប្រធានអនុគណៈកម្មការខ្លឹមសា និងឯកសារ និង លោក Mushaid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានដឹកនាំកិច្ចប្រជុំគណៈកម្មការតាក់តែងសេចក្តីព្រាងសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងភ្នំពេញ។
ប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំនោះ លោក ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណាបានមានប្រសាសន៍ថា សេចក្តីព្រាងសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងភ្នំពេញនេះ បានផ្តោតសំខាន់លើសន្តិភាពនិងការផ្សះផ្សា ដែលជាឯកសារគោល របស់កិច្ចប្រជុំICAPPលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា។
ក្រៅពីនេះ ក្រុមការងារក៏បានពិភាក្សាលើសេចក្តីព្រាងក្រុមប្រឹក្សាអភិវឌ្ឍន៍អាស៊ី ដែលផ្តោតលើវិស័យវប្បធម៌ វិស័យព័ត៌មានដោយផ្តោតលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងឯកសារទី៤ ផ្តោតសំខាន់លើសេចក្តីព្រាងតួនាទីរបស់គណបក្សនយោបាយរបស់ICAPPទាំងមូល។
សូមបញ្ជាក់ថា សេចក្តីព្រាងទាំង៤ខាងលើនេះ នឹងដាក់បញ្ចូលក្នុងរបៀបវារៈមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីហៅកាត់ថា (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបើកជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រធានមហាសន្និបាតថា ICAPPលើកទី១២ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា៕
ដោយ ៖ សិលា