ខេត្តកំពង់ស្ពឺ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោករដ្ឋលេខាធិការប្រចាំការ លោកជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច នៃគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
សូមជម្រាបថា អនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូចមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហូរធ្លាក់ទៅទន្លេបាទីក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់។ ការងារសំខាន់ៗមានដូចជា ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យចំនួន ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹកធំ ១កន្លែង កម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ មានទ្វារទឹកចំនួន៥ ដែលទ្វារទឹកនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ៧,៥ម៉ែត្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៧%។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គម្រោងនេះមិនត្រឹមតែជួយរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតតាមស្ទឹងតូចប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្រភពទឹកដែលបម្រើឱ្យអន្តរវិស័យ ជាពិសេសបម្រើឱ្យការងារស្រោចស្រពផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ និងជាតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល ហើយខ្នងទំនប់នឹងប្រើជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ការងារដឹកជញ្ជូន និងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី និងក្រុមការងារក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារសាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹកស្ទឹងតូច ស្ថិតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ដែលមានតួនាទីសម្រាប់គណៈកម្មការសហគមន៍កសិករប្រើប្រាស់ទឹកប្រើប្រាស់ជាការិយាល័យធ្វើការ ជាពិសេសសម្រាប់ការងារប្រតិបត្តិការបញ្ជា និងបិទបើកទ្វារទឹកស្ទឹងតូច។ សំណង់អគារនេះមានទទឹង ៨ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ មានបន្ទប់ធ្វើការមួយ និងសាលប្រជុំរួមមួយ គិតមកដល់ពេលនេះការងារសម្រេចបានប្រមាណ ៨០%។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានស្នើដល់ក្រុមការងារសាងសង់ និងក្រុមការងារបច្ចេកទេសត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញពន្លឿនការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ព្រមទាំងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធបន្តចូលរួមសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឱ្យការងារសាងសង់សម្រេចបានជោគជ័យ។
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ មានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង៕ ដោយ៖តារា