នាថ្ងៃទី ២១ ខែវិច្ឆិកា ខ្មាន់កាំភ្លើងជាច្រើននាក់បានវាយប្រហារលើក្បួនរថយន្តដឹកអ្នកកាន់សាសនាអ៊ិស្លាមនិកាយស៊ីអុីត ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤២ នាក់ និងជាច្រើននាក់ទៀតរងរបួស។
ការវាយប្រហារនេះបានកើតឡើងនៅក្នុងទីក្រុង Kurram (ខេត្ត Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន) ជាកន្លែងដែលជម្លោះនិកាយរវាងនិកាយស៊ុននី នឹងនិកាយស៊ីអុីតជារឿយៗកើតឡើង ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីអាជ្ញាធរបានបើកឡើងវិញនូវផ្លូវហាយវេដ៏សំខាន់មួយដែលត្រូវបានបិទពីមុនមកដោយសារតែការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីមហាផ្ទៃ លោក Mohsin Naqvi បានហៅការបាញ់ប្រហារនេះថាជាការវាយប្រហារភេរវកម្ម។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Shehbaz Sharif និងប្រធានាធិបតី Asif Ali Zardari បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបានបញ្ជាក់ថា អ្នកដែលទទួលខុសត្រូវចំពោះការស្លាប់របស់ជនស៊ីវិលស្លូតត្រង់នឹងត្រូវទទួលទោស។
Mir Hussain – សាក្សីម្នាក់បាននិយាយថា យ៉ាងហោចណាស់ខ្មាន់កាំភ្លើងបួននាក់បានបើកការបាញ់ប្រហារទៅលើក្បួនរថយន្ត ខណៈដែលការអំពាវនាវរកជំនួយបានបន្លឺឡើង។
Ibne Ali Bangash ដែលជាសាច់ញាតិរបស់ជនរងគ្រោះម្នាក់បានពណ៌នាការវាយប្រហារថា ជាថ្ងៃដ៏សោកសៅបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ Kurram ។ លោកបានមានប្រសាសន៍ថា “មនុស្សជាង ៤០ នាក់ក្នុងសហគមន៍របស់យើងត្រូវបានគេសម្លាប់” នេះជារឿងគួរឲ្យអាម៉ាស់សម្រាប់រដ្ឋាភិបាល។
លោក Baqir Haideri មេដឹកនាំនិកាយស៊ីអុីតក្នុងតំបន់បានថ្កោលទោសការវាយប្រហារនេះ និងបានរិះគន់អាជ្ញាធរចំពោះការខកខានក្នុងការធានាសុវត្ថិភាពនៃក្បួនរថយន្តជាង 100 គ្រឿង បើទោះបីជាមានការព្រួយបារម្ភពីមុនអំពីការវាយប្រហារសំដៅលើពួកស៊ីអុីតក៏ដោយ។
ជនមូស្លីមនិកាយស៊ីអុីតមានប្រហែល 15% នៃចំនួនប្រជាជន 240 លាននាក់របស់ប្រទេសប៉ាគីស្ថាន ដែលជាប្រទេសដែលមានភាគច្រើននៃអ្នកកាន់សាសនាអ៊ិស្លាមនិកាយស៊ុននី។ ទោះបីជាក្រុមទាំងពីរបានរស់នៅយ៉ាងសុខសាន្តយ៉ាងទូលំទូលាយក៏ដោយ ក៏ភាពតានតឹងបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ជាពិសេសបន្ទាប់ពីជម្លោះដីធ្លីនៅ Kurram ចាប់តាំងពីខែកក្កដាឆ្នាំនេះ៕ ដោយធីរីណា
រូបថត: EPA