សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃសុក្រនេះ ប្រទេសសឹង្ហបុរីបានព្យួរកបុរសអាយុ៥៥ឆ្នាំម្នាក់ ដែលមានទោសពីបទជួញដូរគ្រឿងញៀន ខណៈវាគឺជាការប្រហារជីវិតអ្នកទោសទី៣ ក្នុងរយៈពេលត្រឹម ១សប្តាហ៍ ស្របពេលដែលអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យបញ្ឈប់។
ទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសឹង្ហបុរី(CNB) បានប្រកាសឱ្យដឹងថា ការអនុវត្តទោសប្រហារជីវិតខាងលើ ត្រូវបានធ្វើឡើងចំពោះបុរសឈ្មោះ Rosman Abdullah ដែលមានទោសពីបទជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអ៉ីន ក្នុងទម្ងន់៥៧.៤៣ក្រាម។ នៅក្រោមច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងរបស់បុរីរដ្ឋមួយនេះ អំពើជួញដូរគ្រឿងញៀន ក្នុងទម្ងន់លើសពី១៥ក្រាម នឹងត្រូវប្រឈមមុខទោសប្រហារជីវិត។
ការព្យួរកអ្នកទោសខាងលើ បានប្រព្រឹត្តទៅ បន្ទាប់ពីការប្រហារជីវិត បុរសពីរនាក់ផ្សេងទៀត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយម្នាក់ជាជនជាតិម៉ាឡេស៉ីអាយុ៣៩ឆ្នាំ និងម្នាក់ជាជនជាតិសិង្ហបុរីអាយុ ៥៣ឆ្នាំ ដែលមានទោសពីបទជួញដូរគ្រឿងញៀនដូចគ្នា។ ក្នុងឆ្នាំ២០២៤នេះ សិង្ហបុរីបានប្រហារជីវិតអ្នកទោសសរុប៨នាក់ ក្នុងនោះ៧នាក់ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងម្នាក់ទៀតជាប់ពាក់ព័ន្ធបទល្មើសឃាតកម្ម។
យោងតាមការរាប់របស់ទីភ្នាក់ងារព័ត៌មាន AFP សិង្ហបុរីបានព្យួរកអ្នកទោសសរុប២៤នាក់ ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមប្រហារជីវិតអ្នកទោសឡើងវិញ នៅខែមីនា ឆ្នាំ២០២២ ក្រោយផ្អាករយៈពេល២ឆ្នាំ អំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ កាលពីថ្ងៃព្រហស្បតិ៍ UN ទើបតែបានចេញមុខអំពាវនាវសាជាថ្មី ឱ្យសឹង្ហបុរីពិនិត្យឡើងវិញ លើគោលជំហររបស់ខ្លួន ពាក់ព័ន្ធទោសប្រហារជីវិត។
គួរបញ្ជាក់ថា UN និងក្រុមសិទ្ធិមនុស្ស អះអាងថា ទោសប្រហារជីវិត មិនមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម នោះឡើយ និងបានស្នើឱ្យលុបបំបាត់ចោល ប៉ុន្តែខាងក្រុមមន្រ្តីសឹង្ហបុរីបានប្រកែកថា វាបានជួយធ្វើឱ្យប្រទេសអាស៊ានមួយនេះ ក្លាយជាកន្លែងដ៏មានសុវត្ថិភាពបំផុតមួយ នៅតំបន់អាស៉ី៕