ការធ្វើជាគ្រូបង្វឹកគឺមិនអាចងាយស្រួលនោះទេ បើទោះបីទទួលបានថ្លៃឈ្នួលច្រើក៏ដោយ។ ទៅវិញគ្រូបង្វឹកក៏តែងត្រូវបានបណ្ដេញចេញប្រសិនបើដឹកនាំក្រុមមិនដូចការចង់បាន។ រឿងប្រាក់រង្វាន់ក៏ដូចគ្នាអ្នកចាត់ការដែលជោគជ័យខ្លាំងបំផុតទើបទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ឬអ្នកចាត់ការដែលត្រូវបណ្ដេញចេញភ្លាមៗទើបទទួលបានប្រាក់ជាថ្នូរនឹងការបណ្ដេញចេញ ឬគេហៅថាប្រាក់សងជំងឺចិត្ត។
គ្រូបង្វឹកទាំងអស់ទទួលបានថ្លៃពលកម្មមិនដូចគ្នាឡើយ គឺទៅតាមប្រជាប្រិយភាពឬភាពជោគជ័យដែលបានជួយក្លិបឲ្យជោគជ័យ។ ខាងក្រោមនេះគឺជាគ្រូបង្វឹកទាំង១០រូបដែលទទួលបានថ្លៃពលកម្មខ្ពស់បំផុតប្រចាំឆ្នាំ២០២៤៖
១០- លោក Vincent Kompany ៖ អ្នកការរបស់ក្លិប Bayern Munich រូបនេះទទួលបានថ្លៃពលកម្ម៦,៧ លានផោនក្នុង១ឆ្នាំ។
៩- លោក Arne Slot ៖ អ្នកការរបស់ក្លិបហង្សក្រហម Liverpool រូបនេះទទួលបានថ្លៃពលកម្ម៦,៨លានផោនក្នុង១ឆ្នាំ។
៨- លោក Luis Enrique ៖ អ្នកការរបស់ក្លិប Paris Saint-Germain រូបនេះទទួលបានថ្លៃពលកម្មប្រមាណជា៧,៥លានផោនក្នុង១ឆ្នាំ។
៧- លោក Unai Emery ៖ អ្នកចាត់ការ Aston Villa រូបនេះក៏កំពុងតែមានភាពជោគជ័យខ្លាំងផងដែរ ពោលគឺជួយក្រុមបានលេង UEFA Champions League និងទើបតែចាញ់១ប្រកួតប៉ុណ្ណោះក្នុងពានរង្វាន់កម្រិតកំពូលនៅអឺរ៉ូបមួយនេះក្នុងចំណោម៤ប្រកួត។ បើនិយាយពីថ្លៃពលកម្មវិញថ្លៃជាងអ្នកការក្រុមធំៗមួយចំនួនដូចជា Chelsea ឬ Liverpool ទៅទៀតពោលគឺ៨លានផោនក្នុង១ឆ្នាំ។
៦-លោក Jorge Jesus ៖ ទោះបីមិនមែនជាអ្នកការល្បីឈ្មោះម្នាក់ក្នុងលោក ប៉ុន្តែអ្នកការរបស់ក្រុម Al Hilal រូបនេះក៏មានថ្លៃពលកម្មថ្លៃម្នាក់ដែរពោលគឺទទួលបាន៨,៤លានផោនក្នុងមួយឆ្នាំ។
៥- លោក Jose Mourinho ៖ អ្នកចាត់ការល្បីឈ្មោះបំផុតក្នុងលោកម្នាក់ដែរ Special One ជាងារដែលគេដាក់ឲ្យលោក Jose Mourinho ហើយបើនិយាយពីថ្លៃពលកម្មវិញក៏មិនថោកនោះទេពោលកម្រិតទី៥ក្នុងលោកទៅហើយគឺ៨,៩លានផោនក្នុង១ឆ្នាំ។
៤- លោក Carlo Ancelotti ៖ បច្ចុប្បន្នបុរសវ័យ៦៥ឆ្នាំរូបនេះកំពុងតែកាន់ការងារជាអ្នកចាត់ការឲ្យក្រុម Real Madrid និងទទួលបានថ្លៃពលកម្មថ្លៃបំផុតទី៤ក្នុងលោកគឺ៩,៦លានផោនក្នុង១ឆ្នាំ។
៣- លោក Diego Simeone ៖ លោកកំពុងតែដឹកនាំឲ្យក្រុម Atletico Madrid ហើយទទួលបានថ្លៃពលកម្មថ្លៃបំផុតទី៣ក្នុងលោកគឺទទួលបាន១០,១លានផោនក្នុងមួយឆ្នាំ។
២- លោក Mikel Arteta ៖ អតីតជំនួយការរបស់លោក Pep និងជាអ្នកចាត់ការរបស់ក្រុមកាំភ្លើងធំ Arsenal រូបនេះក៏មិនណយដែរ ពោលគឺទទួលបានកម្រិតទី២នាមជាអ្នកចាត់ការដែលមានថ្លៃពលកម្មខ្ពស់បំផុតនាឆ្នាំ២០២៤ គឺ១៥លានផោនក្នុងឆ្នាំ។
១- លោក Pep Guardiola ៖ អ្នកចាត់ការដែលត្រូវបានគេចាត់ទុកថាខ្លាំងបំផុតនាពេលបច្ចុប្បន្នកំពុងតែដឹកនាំក្រុម Manchester City ហើយបុរសវ័យ៥៣ឆ្នាំរូបនេះទទួលបានថ្លៃពលកម្មខ្ពស់បំផុតក្នុងលោកនាពេលបច្ចុប្បន្នគឺ ២០លានផោនក្នុង១ឆ្នាំ ៕ (រូបភាព ៖ Give Me Sport)