លោក ត្រិន ថាញ់មិន (H.E. Mr. Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដល់ភូមិគ្រឹះរបស់សម្តេចផ្ទាល់។

លោក ត្រិន ថាញ់មិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព ក៏ដូចជាចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញសម្តែងការគួរសម និងសាកសួរសុខទុក្ខចំពោះសម្តេចដោយផ្ទាល់ដល់គេហដ្ឋាន ដែលនេះបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំវៀតណាមចំពោះសម្តេច។ សម្តេចបានគូសបញ្ជាក់ថា លោក ត្រិន ថាញ់មិន ក៏ធ្លាប់ជាថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមផងដែរ ដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន ក្នុងការរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិទាំងពីរ។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ដែលនឹងបន្តជួយជំរុញទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ កាន់តែរឹងមាំ យូរអង្វែងថែមទៀត។ បន្ថែមពីនេះ សម្តេចបានរំលឹកនូវអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់សម្តេចផ្ទាល់ ជាមួយថ្នាក់ដឹកនាំវៀតណាម ក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៃប្រទេសទាំងពីរ ជាពិសេស លោក ង្វៀន ភូជុង ដែលទើបទទួលអនិច្ចកម្មកាលពីពេលថ្មីៗនេះ។ សម្តេចសង្ឃឹមថា មរតកទំនាក់ទំនងជាប្រពៃណី ដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាងឡើង និងត្រូវបានបន្តថែរក្សា និងពូនជ្រំកាន់តែស្អិតល្មួតដល់អ្នកជំនាន់ក្រោយ ខណៈដែលស្ថានភាពពិភពលោកមានការប្រែប្រួលមិនទៀងទាត់។

ជាចុងក្រោយ តាមរយៈ លោក ត្រិន ថាញ់មិន សម្តេចអគ្គមហាពញាចក្រី បានផ្តាំផ្ញើសាកសួរសុខទុក្ខ លោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ព្រមទាំងថ្នាក់ដឹកនាំវៀតណាមគ្រប់រូប។

ជាការឆ្លើយតប លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់សម្តេច ដែលបានបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំវៀតណាម។ លោក ថាសម្តេចគឺជាថ្នាក់ដឹកនាំជើងចាស់មួយរូប មានបទពិសោធយ៉ាងច្រើនក្នុងការដឹកនាំប្រទេសជាតិមាតុភូមិ ហើយសម្តេចនៅតែរក្សាសុខភាពបានយ៉ាងល្អប្រសើរ។ លោកសង្ឃឹមថា សម្តេចនឹងនៅតែបន្តជួយពូនជ្រំទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ទាំងក្របខណ្ឌបក្ស រដ្ឋ ប្រជាជន និងរណសិរ្ស។

ជាចុងក្រោយ លោកប្រធានរដ្ឋសភាវៀតណាម ក៏បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញ និងអប់រំដល់យុវជនជំនាន់ក្រោយ ឱ្យយល់ដឹងអំពីសាវតានៃទំនាក់ទំនងជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងបន្តថែរក្សាទំនាក់ទំនងដ៏យូរនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print