ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងចរចារជាមួយក្រុមហ៊ុនឡានដ៏ធំរបស់ចិន BYD ដើម្បីបង្កើតរោងចក្រផលិតរថយន្ត ក្នុងប្រទេស ក្នុងនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជួបចរចាជាទៀងទាត់ជាមួយភាគីចិន។
«ម្សិលមិញ លោក ស៊ុន ចាន់ថុល កំពុងចរចាបញ្ចប់ជាមួយក្រុមហ៊ុន BYD ដែលនឹងវិនិយោគបើកក្រុមហ៊ុន ផលិតរថយន្ត អេឡិចត្រិច នៅស្រុកខ្មែរ …យើងដឹងហើយថា BYD ជាក្រុមហ៊ុនយក្សរបស់ចិន…»
គួររម្លឹកថា ក្នុងជំនួប អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Divisionកាលពីខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនចិនមួួនេះ បានបង្ហាញពីគោលបំណងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ។
បើតាមលោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការមានចំនួនសរុបចំនួនជិត ៣ ពាន់គ្រឿង (២.៩៦៨) រួមមាន ទោចក្រយានយន្ត ៩១៤ គ្រឿង ត្រីចក្រយានយន្ត ៤៤០ គ្រឿង និងរថយន្ត ១ ៦១៤ គ្រឿង។ ប្រភពក្រសួងសាធារណការបានឱ្យដឹងថាការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។
យោងតាមតួលេខនៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYDឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង៕
ដោយ ៖ សិលា