បេក្ខជន បេក្ខនារី ជាង ១០០នាក់ ចូលរួមប្រឡងជ្រើសរើសចូលបម្រើការងារជាមន្ត្រីនគរបាលបំពេញជួសខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅវិទ្យាល័យហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន មានបេក្ខជនបេក្ខនារី​ ១១០នាក់​ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានមកប្រឡងជ្រើសរើសឱ្យចូលបម្រើការងារជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

លោក សែ ហួត នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងតាមសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រេីការងារនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជនជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួរប្រចាំឆ្នាំ២០២៤ ចំនួន ៤០កន្លែង សម្រាប់បម្រេីការងារនៅស្នងការដ្ឋានខេត្តប៉ៃលិន រួមមាន៖ ១-ការិយាល័យជំនាញ ចំនួន ២០កន្លែង។ ២-អធិការដ្ឋាននគរបាលក្រុង ស្រុកចំនួន១៥កន្លែង ។ ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចំនួន​ ០៥កន្លែង។

សម្រាប់ការិយាល័យជំនាញ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្ត្រខេត្ត ប៉ៃលិន មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតេស្តរកសារធាតុញៀន) មិនមានស្លាកស្នាមសាក់។

បុរសមានកម្ពស់​ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ឬមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើឡើង មានអាយុយ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។

សម្រាប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ -បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍នៅភូមិសាស្ត្រឃុំ សង្កាត់ដែលមានការជ្រើសរើស និងភូមិសាស្ត្រជាប់ព្រំប្រទល់ មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតេស្តរកសារធាតុញៀន) មិនមានស្លាកស្នាមសាក់-បុរសមានកម្ពស់​ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុចាប់ពី​ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ឬមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើឡើង មានអាយុយ៉ាងច្រើនត្រឹម​ ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង៕ដោយ÷ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print