ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដោយមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។
បេីតាមលោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានឱ្យដឹងថា ការអញ្ជើញជាអធិបតីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ជាការបង្ហាញឱ្យឃើញនូវការគិតគូរ និងយកចិត្តទុកដាក់របស់ចំពោះសុខមាលភាពរបស់មនុស្សជាតិលើពិភពលោក ដែលរងគ្រោះដោយសារគ្រាប់មីន។
អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរ គ្រាប់មីនប្រឆាំងមនុស្សលោក។ អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩។ អនុសញ្ញាអូតាវ៉ា មានរដ្ឋភាគីចំនួន១៦៤ប្រទេស មានអង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និងជាដៃគូ។ អនុសញ្ញាអូតាវ៉ាមានគោលដៅបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពិភពលោក ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។
មកដល់ពេលនេះអនុសញ្ញាអូតាវ៉ា មានអាយុកាល២៥ឆ្នាំហើយ។ អនុសញ្ញានេះ បានចូលរួមសង្គ្រោះជីវិតមនុស្សនៅលើពិភពលោកបានយ៉ាងច្រើនលាននាក់ ហើយបើគិតពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមវិញ បន្ទាប់ពីអនុសញ្ញាអនុវត្ត២៥ឆ្នាំនេះ ចំនួនមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះផ្សេងៗទៀត ជាង ៥០លានគ្រាប់ត្រូវបានរកឃើញ និងកម្ទេចចោល។ ដីដែលរងផលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសំអាត និងផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់។
អនុសញ្ញាអូតាវ៉ា បាននាំមកនូវការជួយគាំទ្រដល់ជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះបន្សល់ពីសង្គ្រាមលើពិភពលោក ដែលគេដឹងថា ក្នុងមួយឆ្នាំមានជាង ៥ពាន់នាក់។ អនុសញ្ញាអូតាវ៉ា បានបង្កើតនូវចលនា និងការប្តូរផ្តាច់រួមគ្នាជាសកលដើម្បីបោសសំអាតគ្រាប់រំសេវនៅលើពិភពលោក។ អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញាមនុស្សធម៌ ដែលបានចូលរួមសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពិភពលោក ចូលរួមសង្គ្រោះសហគមន៍មូលដ្ឋាន ដែលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម និងជួយសង្គ្រោះជនរងគ្រោះដោយសារមីនក្នុងពិភពលោកពោរពេញដោយជោគជ័យ និងមោទនភាព ក្នុងរយៈពេល២៥ឆ្នាំមកនេះ។
កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាននិងកំពុងបំពេញកាតព្វកិច្ចជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក។
កម្ពុជា បានក្លាយទៅជាប្រទេសដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក ទទួលបានការទុកចិត្តឱ្យធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រោយពេលអនុសញ្ញាអូតាវ៉ា ដែលជាកិច្ចប្រជុំកំពូលលើកទី៥។ កិច្ចប្រជុំកំពូលនេះ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់កម្ពុជា ហើយក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមប្រទេសធ្លាប់រងគ្រោះដោយសង្គ្រាម និងដោយគ្រាប់មីន ក្នុងការចូលរួមលុបបំបាត់មីនលើសកលលោក។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ពីភ្លើងសង្គ្រាម មកសុខសន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជាប្រទេសមួយមានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពីប្រទេសដីមីន ទៅជាដីមាសនៅទូទាំងប្រទេស។ បទពិសោធន៍សមិទ្ធផលជាប្រវត្តិសាស្ត្រទទួលបានពីនយោបាយឈ្នះ-ឈ្នះពីមគ្គទេសក៍ដ៏ឆ្នើមរបស់យើង សម្តេចតេជោ លោកបាននាំមកជូនជាតិ។ ទាំងអស់នេះ បានធ្វើឱ្យកម្ពុជាស័ក្តិសមជាប្រទេសដែលទទួលធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីពិភពលោកគ្មានមីន»។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងផងដែរថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងពិនិត្យឡើងវិញនៃការងាររបស់អនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សលោក។ រាល់៥ឆ្នាំម្តងអនុសញ្ញាអូតាវ៉ា មានកិច្ចប្រជុំបែបនេះ ដើម្បីវាយតម្លៃការងារ៥ឆ្នាំកន្លងមក ហើយរៀបចំផែនការសកម្មភាព៥ឆ្នាំទៅមុខទៀត។
លោក លី ធុជ បានឱ្យដឹងទៀតថា គោលដៅនៃកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប មានចំនួន៣រួមមាន៖ ទី១) ពិនិត្យឡើងវិញនូវសកម្មភាព និងស្ថានភាពនៃការអនុវត្តន៍អនុសញ្ញាអូតាវ៉ារយៈពេល៥ឆ្នាំកន្លងមក, ២) ដើម្បីធ្វើសេចក្តីសម្រេចចិត្តមួយចំនួនទាក់ទងទៅនឹងរដ្ឋភាគីទាំងឡាយ ដែលបាននិងកំពុងអនុវត្តន៍កាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា, ទី៣) ដើម្បីអនុវត្តន៍នូវឯកសាសំខាន់ៗ ដែលនឹងយកទៅប្រើប្រាស់យូរអង្វែងដល់រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអូតាវ៉ា៕ ដោយ៖តារា