តំបន់ជាច្រើនក្នុងប្រទេសអុីស្រាអែលបានរងការខូចខាតយ៉ាងច្រើនទាំងទ្រព្យសម្បត្តិ និងរបួសមនុស្ស បន្ទាប់ពីកងកម្លាំង Hezbollah ក្នុងប្រទេសលីបង់ (Lebanon) បានបាញ់រ៉ុក្កែតជាង 200 គ្រាប់ចូលទៅក្នុងភាគខាងជើង និងកណ្តាលអុីស្រាអែល។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សេចក្តីជូនដំណឹងរបស់កងកម្លាំងការពារអុីស្រាអែល (IDF) និងទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់របស់អុីស្រាអែល (MDA) ដែលបាននិយាយថា នៅថ្ងៃទី 24 ខែវិច្ឆិកា គ្រាប់រ៉ុក្កែតជាង 200គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចូលទៅក្នុងភាគខាងជើងនិងកណ្តាលឱ្យរងការខូចខាត និងរបួសទូទាំងប្រទេសអុីស្រាអែល។
ជាពិសេសនៅក្នុងទីក្រុង Petah Tikva ភាគកណ្តាលប្រទេសអុីស្រាអែល នៅជិតទីក្រុង Tel Aviv ការខូចខាតយ៉ាងធ្ងន់ធ្ងរបានកើតឡើងបន្ទាប់ពីគ្រាប់រ៉ុក្កែតមួយបានវាយប្រហារតំបន់លំនៅឋានមួយ។ យោងតាម MDA មនុស្ស 6 នាក់បានរងរបួស។
មើលវីដេអូរបស់ប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកពេទ្យនៅកន្លែងកើតហេតុនៃគ្រាប់រ៉ុក្កែតពីប្រទេសលីបង់ វាយប្រហារទីក្រុង Petah Tikva ភាគកណ្តាលប្រទេសអុីស្រាអែល។
ទន្ទឹមនឹងនេះ នៅក្នុងទីក្រុង Nahariya ភាគខាងជើងប្រទេសអុីស្រាអែល ក្រុមអ្នកពន្លត់អគ្គិភ័យ ប៉ូលិស និងបុគ្គលិកសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដែលគ្រាប់រ៉ុក្កែតបានវាយប្រហារតំបន់លំនៅឋានមួយ។
នៅក្នុងទីក្រុង Haifa ដែលជាទីក្រុងធំទី 3 របស់អុីស្រាអែល មានអ្នករងរបួសចំនួន 3 នាក់ត្រូវបានរាយការណ៍នៅក្នុងតំបន់ដែលរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត។ ជម្លោះបានចាប់ផ្តើមនៅពេលដែលក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់បានបើកការវាយប្រហារដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីចលនាអ៊ិស្លាមប៉ាឡេស្ទីនបានបើកការវាយប្រហារលើអុីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី 7 ខែតុលាឆ្នាំ 2023 ។
មិនត្រឹមតែក្រុមហេសបូឡាហ៍ និងក្រុមហាម៉ាស់ប៉ុណ្ណោះទេ អង្គការសហប្រជាជាតិបានព្រមានកាលពីពេលថ្មីៗនេះថា ប្រទេសស៊ីរីក៏ស្ថិតក្នុងហានិភ័យនៃការអូសទាញចូលទៅក្នុងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានដកស្រង់សម្តីបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Otto Pedersen ថា កិច្ចការ “សំខាន់ខ្លាំងណាស់” គឺត្រូវបញ្ចប់សង្គ្រាមនៅលីបង់ និងហ្គាហ្សា ដើម្បីបញ្ចៀសហានិភ័យដែលស៊ីរីត្រូវបានបំផ្លាញ សង្គ្រាមក្នុងតំបន់៕ ដោយធីរីណា
រូបថត: baotintuc