ACUឃាត់ខ្លួនស្ត្រី២នាក់ ដែលពាក់ព័ន្ធនឹងការយកលុយ៣០ម៉ឺនដុល្លារទៅឱ្យ លោក មួង ឃីម និងគ្រូមា លី សាម៉េត រត់ការចង់ឲ្យកូនចូលជាមន្រ្តីគយនៅខេត្តបាត់ដំបង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។
ស្ត្រី២នាក់នោះរួមមាន លោកស្រី ឆាយ សុវណ្ណារី និងលោកស្រី ហ៊ើង ទិត្យរាត្រីល័ក្ខណ៍ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង ឃីម និងលោក លី សាម៉េត។
ស្រ្តី២នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ ឈ្មោះ អ៊ុត ធី (ពីបទ: ជំនួញឥទ្ធិពលសកម្ម  តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)។  ចំណែក ឈ្មោះ មួង ឃីម  និង ឈ្មោះ ដួង តារា  ពីបទ: ជំនួញឥទ្ធិពលអកម្ម  តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ដោយឡែក លោ លី សាម៉េត  ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ ។ សូមរំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី។ នេះបើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង តារា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។
ជាក់ស្តែងបច្ចុប្បន្ន ជនត្រូវចោទទាំង៤នាក់ត្រូវបានចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន រង់ចាំការសម្រេចបើកសវនាការជំនុំជំរះក្តី៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print