ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើមឈ្នះនៅកីឡដ្ឋាន Old Trafford ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim ខណៈដែលក្រុមរបស់គាត់បានវាយកតាមពីក្រោយដើម្បីផ្តួលក្រុមមកពីលីកកំពូលន័រវេស Bodo/Glimt នៅក្របខ័ណ្ឌ Europa League ក្នុងលទ្ធផល ៣ទល់២។
ក្រុម Man United បានស៊ុតបញ្ចូលទីបន្ទាប់ពីត្រឹមតែ៨១វិនាទីក្នុងការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Amorim ដើម្បីនាំមុខក្រុមភ្ញៀវ Bodo/Glimt។ ១គ្រាប់នាំមុខនេះគឺជាកំហុសរបស់អ្នកចាំទី Nikita Haikin ដែលបានអនុញ្ញាតឱ្យ Rasmus Hojlund កៀកប្រជែងបាល់ បានធ្វើឱ្យកីឡាករ Alejandro Garnacho មានឱកាសស៊ុតបញ្ចូលទីបានសម្រេច។
ប៉ុន្តែត្រឹមតែ១៩នាទីនៃការនាំមុខនេះ ក្រុមភ្ញៀវបានតាមស្មើវិញ ដែលរកបានដោយកីឡាករ Evjen។ ភ្លាមៗសម្រាប់ក្រុមភ្ញៀវ Bodo/Glimt មានឱកាសនាំមុខឡើងវិញនៅនាទីទី២៣ ដែលបានស៊ុតបាល់បញ្ចូលទីដោយកីឡាករ Zinckernagel។ នៅចុងម៉ោងនៃតង់ទី១ ខ្សែប្រយុទ្ធ Man United កីឡាករ Hojlund បានកែប្រែស្ថានការណ៍ឡើងវិញ ដោយរកបានគ្រាប់បាល់តាមស្មើ ២ទល់២ ដែលលទ្ធផលនេះបានបញ្ចប់ក្នុងតង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមបិសាចក្រហមបានព្យាយាមដាក់សម្ពាធបន្ថែមទៀតទៅលើក្រុមភ្ញៀវ រហូតដល់មានគ្រាប់បាល់កើតឡើង ដែលរកបានដោយកីឡាករ Hojlund នៅនាទីទី៥០ និងជាគ្រាប់ទី២របស់គាត់ក្នុងការប្រកួតនេះ ពីការបញ្ជូនបាល់យ៉ាងល្អរបស់ Manuel Ugarte ធ្វើឲ្យ Man Utd នាំមុខរហូតដល់ចប់ការប្រកួតក្នុងលទ្ធផល ៣ទល់២។
ខណៈពេលដែលលោក Amorim ពេញចិត្តជាមួយនឹងលទ្ធផលដែលជួយឱ្យ Man United មានឱកាសបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៨ក្នុងតារាង Europa League និងវគ្គជម្រុះដោយស្វ័យប្រវត្តិសម្រាប់វគ្គ១៦ក្រុមចុងក្រោយក្នុងខែមីនានោះ គាត់នឹងមានការខកចិត្តចំពោះចំនួនឱកាសដែលក្រុមរបស់គាត់ខ្ជះខ្ជាយក្នុងការបន្ធូរបន្ថយវិធីរបស់ពួកគេដើម្បីជ័យជំនះ ៕ (រូបភាព ៖ BBC)