Update៖​ បុរសជនជាតិបារាំង និងស្រ្តីខ្មែរសរុប​ ០២នាក់ស្លាប់​ ក្នុង​ករណីដុតភ្លើងធ្វើអត្តឃាតខ្លួនឯង នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ ករណីដុតភ្លើងធ្វើអត្តឃាតខ្លួនឯង នៅខណ្ឌទួលគោក​ កាលពីព្រឹកមិញនេះ​ បណ្ដាលឱ្យបុរសជនជាតិបារាំងម្នាក់ និងស្រ្តីខ្មែរម្នាក់ស្លាប់​ ក្នុង​ភ្នក់ភ្លើង​យ៉ាងអាណោចអាធម៍​។ 

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១​ និង២៥នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិត​នៅ​បន្ទប់ជួលមួយកន្លែង ផ្ទះលេខ៤៦ ផ្លូវ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។

លោកប្រធាន​ការិយាល័យ​ពន្លត់​អគ្គីភ័យ​ បន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មេីរនឹង ៤០ម៉ែត្រគូប។

ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជួល ទំហំ (៥ម៉ែត្រ គុណ៦ម៉ែត្រ ) ចំនួន០១បន្ទប់ រួមមានកង់ចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈប្រេីប្រាស់ក្នុងបន្ទប់ជួលអស់ទាំងស្រុង ហេីយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។​ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ក្នុងនោះបានបណ្តាលឱ្យមនុស្សចំនួន​ ០២នាក់ស្លាប់​ គឺបុរសជនជាតិបារាំងម្នាក់ និងមនុស្សស្រីជនជាតិខ្មែរម្នាក់ ។ 

គួរបញ្ជាក់ថា​ ចំពោះ​មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការដុត​ភ្លើងធ្វើអត្តឃាតសម្លាប់ខ្លួន៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print