ភ្នំពេញ : នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពិធីសម្ពោធការិយាល័យបកប្រែ ផលិតភាពយន្ត ភាពយន្តភាគនៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីបានប្រារព្ធឡើងដោយជោគជ័យនៅរាជធានីភ្នំពេញនៃ ប្រទេស កម្ពុជា ក្រោមអធិបតីភាពលោកស្រី ឆឹនអ៊ីជៀ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃតំបន់ស្វយ័តជនជាតិជួងក្វាងស៊ីនៃប្រទេសចិននិង ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន។
ក្នុងឆ្នាំ២០១៤ ស្ថានីយវិទ្យុនិងទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជា បានសហការគ្នាដាក់ដំណើរការកម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” ដែលជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិដំបូងគេ នៅក្នុងវិស័យវិទ្យុនិងទូរទស្សន៍។ ១០ឆ្នាំមកនេះ មានខ្សែភាពយន្តភាគចិន និងគំនូរជីវចលប្រកបដោយគុណភាពខ្ពស់ ប្រមាណ២៥០០ភាគ បានចូលមកបម្រើ ជាចំណីអារម្មណ៍ ដល់ទស្សនិកជនកម្ពុជា រាប់លាននាក់ ហើយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង និង យ៉ាងទូលំទូលាយរបស់មន្ត្រីរដ្ឋាភិបាល និងប្រជាជន នៅប្រទេសកម្ពុជា។
ការិយាល័យនេះ នឹងបន្តពង្រីកនិងពង្រឹងនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិរបស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពនិងវិសាលភាពនៃកម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” ដែលជាការបង្កើតនិងដំណើរការរួមគ្នា ដោយវិទ្យុនិងទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជា។
ការិយាល័យនេះមានសម្ភារៈថតសំឡេង និងបកប្រែកម្រិតខ្ពស់ និងទំនើប ហើយ បានបង្កើតក្រុមជំនាញ ដែលមានបុគ្គលិក ចំនួន ២០នាក់ រួមទាំង អ្នកបកប្រែ ការដាក់សំឡេង និង អ្នកជំនាញបច្ចេកទេស។
ការិយាល័យនេះមានសមត្ថភាពផលិត បកប្រែ និងបញ្ចូលសំឡេង ប្រហែល ៣០០ម៉ោងក្នុងមួយឆ្នាំ ស្នាដៃផ្សេងៗ ដែលត្រូវបានផលិត បកប្រែ និងបញ្ចូលសំឡេង គឺរួមមានទាំងខ្សែភាពយន្ត ខ្សែភាពយន្តភាគ ភាពយន្តឯកសារ គំនូរជីវចល ល្ខោននិយាយ ពាណិជ្ជកម្មផ្សព្វផ្សាយអប់រំ និងមាតិកាផ្សេងៗជាច្រើនទៀត។
ក្នុងពិធីសម្ពោធនេះ គម្រោងបកប្រែជាភាសាខ្មែរ នៃភាពយន្តឯកសារ « ទន្លេ លី ជាំង » ក៏ត្រូវបានដាក់ឱ្យដំណើរការ ផងដែរ៕
ដោយ៖ សិលា