កាលពីយប់ថ្ងៃទី១១ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់និងជាសម្ងាត់ស្តីពីភាពតានតឹងកើតឡើងជាថ្មីនៅតំបន់ស្វាយ័ត្នគ្រីមៀ តាមសំណើររបស់ភាគីអ៊ុយក្រែន។
តំណាងរបស់អ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងគីវ មានបំណងស្នើរដោយបើកជំហរដល់ទីក្រុងមូស្កូ ឲ្យផ្តល់ភស្តុតាងថា អ៊ុយក្រែនជាអ្នកបង្កឲ្យមានភាពតានតឹង។ ហេតុការណ៍តានតឹងសារជាថ្មីកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅក្រោយពេលអង្គការសន្តិសុខរុស្ស៊ី បានរកឃើញថា មានគម្រោងវាយប្រហារភេរវកម្មនៅគ្រីមៀ ពីក្រុមចារកិច្ចអ៊ុយក្រែន។
នៅកន្លែងសង្ស័យក្រុមសន្តិសុខរុស្ស៊ី បានរកឃើញថា មានមនុស្ស២០នាក់នាំរំសេវនឹងអាវុធជាច្រើនចូលទៅកាន់គ្រីមៀ។ មួយថ្ងៃក្រោយមកទៀតរុស្ស៊ីក៏បានរកឃើញនិងបំផ្លាញគម្រោងពីរទៀតដែលប៉ុនប៉ងវាយប្រហារនៅគ្រីមៀ។
រុស្ស៊ីបានចោទប្រកាន់ថា ក្រុមចារកម្មរបស់ក្រសួងការពារជាតិអ៊ុយក្រែន ជាអ្នកនៅពីក្រោយការប៉ុនប៉ងវាយប្រហារខាងលើដើម្បីធ្វើឲ្យស្ថានភាពនយោបាយសង្គមនៅទីនោះធ្លាក់ក្នុងភាពចលាចល នៅមុនពេលបោះឆ្នោតឃុំសង្កាត់។ ក្រោយហេតុការណ៍នោះរុស្ស៊ីបានបង្កើតកម្លាំងទាហ៊ាននិងអាវុធទំនើបៗជាច្រើនចូលទៅតំបន់ព្រំដែនជាប់អ៊ុយក្រែនដើម្បីការពារសន្តិសុខជូនពលរដ្ឋ។
បន្ទាប់ពីទទួលបានព័ត៌មានចារកម្មពីក្រុមចារកិច្ចរុស្ស៊ី FSB ស្តីពីគម្រោងវាយប្រហារនៅគ្រីមៀ ប្រធានាធបិតីរុស្ស៊ីលោកពូទីនបញ្ចាក់ថា ទីក្រុងគីវកំពុងតែ «លេងល្បែងគ្រោះថ្នាក់» ពេលប្រើប្រាស់យុទ្ធសាស្ត្រនៃក្រុមភេរវនិយម ជំនួសដំណោះស្រាយសន្តិភាព។ លោកពូទីន ចាត់ទុកសកម្មភាពខាងលើជារឿងខុសច្បាប់ និងជាអំពើល្ងង់ខ្លៅបំផុត។
ប្រធានាធិបតីរុស្ស៊ីបញ្ចាក់ទៀតថា ទីក្រុងមូស្កូមិនអាចបិទភ្នែកធ្វើប្រងើយចំពោះការលះបង់របស់ទាហ៊ានរុស្ស៊ីក្នុងការទប់ស្កាត់សកម្មភាពវាយប្រហារភេរវកម្មនោះឡើយ។
ចំពោះការចោទប្រកាន់ពីប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានបញ្ចាក់ថា អ៊ុយក្រែន បានដើរតាមដំណើរស្រាយកិច្ចការបរទេសនិងសន្តិវិធី ហើយបានចោទប្រកាន់តបវិញថា រុស្ស៊ីកំពុងតែបង្កឲ្យមានភាពតានតឹងជាថ្មីនៅក្នុងតំបន់។
រយៈពេលកន្លងមកថ្មីៗទាំងរុស្ស៊ី និងអ៊ុយក្រែន បានបង្កើតការដាក់ពង្រាយកម្លាំងទាហ៊ាន អាវុធទំនើបៗនៅព្រំដែនប្រទេសទាំងពីរ ដែលជាសញ្ញាមួយនៃការត្រៀមលក្ខណធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ៕
ប្រែសម្រួល៖ ម៉ែវ សាធី