រាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ សូមធ្វើការអំពាវនាវ គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការរួមទាំងមន្ត្រីមានពិការភាពឱ្យ ចេះប្រើប្រាស់ឌីជីថលនៅក្នុងសម័យកាលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់ការងាររបស់អង្គភាពនិងសកម្មភាព រស់នៅប្រចាំថ្ងៃ។ បន្ថែមពីនោះ ត្រូវខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលនូវ «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» ដោយដាក់បញ្ចូលគោលដៅដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រនេះ ទៅក្នុងផែនការ សកម្មភាពឬកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន និងកំណត់នូវសូចនាករសមិទ្ធផលសម្រាប់អនុវត្តរយៈពេលខ្លី មធ្យម និង វែង ហើយត្រូវធ្វើរបាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាពជនពិការបូកសរុបជារបាយការណ៍ជាតិ។

សម្តេចធិបតី បានបន្តថា ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើននិងពង្រឹងប្រសិទ្ធភាព ការងារដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងត្រូវកែសម្រួលសមាសភាពជាប្រចាំតាមស្ថានភាពប្រែប្រួល ជាក់ស្តែងនៃក្រសួង ស្ថាប័ននីមួយៗ ។ សម្តេចធិបតី បានបន្តទៀតថា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវចូលរួមចំណែកយ៉ាងសកម្មជំរុញការផ្តល់សេវានានា ដល់ជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើយន្តការអន្តរវិស័យដែលមានស្រាប់ គឺក្រុមប្រឹក្សា សកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរបាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាពជន ពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារបាយការណ៍ជាតិស្តីពីពិការភាពនៅកម្ពុជា។

សម្តេចធិបតី បានបន្ថែមថា គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ផ្នែក អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ដែលមានការទទួល ខុសត្រូវលើសំណង់អគារ និងទីធ្លាសាធារណៈនានា ត្រូវចាប់ផ្តើមកែសម្រួលឬរៀបចំផាសុកវត្ថុសម្រាប់ជនមាន ពិការភាពនៅតាមសំណង់អគារនិងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បាន ស្របតាមច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើ បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

សម្តេចធិបតី បានបន្ថែមទៀតថា ក្រសួងសុខាភិបាល និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបន្តសហការគ្នាឱ្យបានល្អជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់បណ្ណបើកបរដល់ជនមានពិការភាពដោយគ្មាន ឧបសគ្គឬការរើសអើងអ្វីឡើយ ឱ្យស្របតាមប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងវិស័យឯកជនដែលទទួលខុសត្រូវលើ មធ្យោបាយដឹកជញ្ជូនសាធារណៈទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវរៀបចំឬកែសម្រួលមធ្យោបាយ ដឹកជញ្ជូនសាធារណៈទាំងអស់នោះ ដើម្បីឱ្យជនមានពិការភាពអាចប្រើប្រាស់បាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print