ខេត្តកណ្ដាល៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទម្នាក់ ជាជនជាតិឥណ្ឌាឈ្មោះ SARABJIT ក្នុងចំណោមបក្ខពួក៣នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធនឹងករណីផលិត រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងតាខ្មៅ ខណៈបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន មានជនជាតិឥណ្ឌាម្នាក់ និងប៉ាគីស្ថានម្នាក់។
គួរបញ្ជាក់ថា សាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៨៥១ អ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២១៧២ ដកសស ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានជនត្រូវចោទចំនួន ០៣ នាក់៖ ១.ឈ្មោះ SARABJIT ភេទប្រុស អាយុ៣៨ឆ្នាំ (មានខ្លួន) ជនជាតិឥណ្ឌា ត្រូវចោទប្រកាន់ពីបទៈ ផលិត រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចទីតាំងផ្ទះលេខ០៨ ឬ៥៦៧ ផ្លូវប៉េតុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣៩, មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, ២.ឈ្មោះ SEWAK SINGH ភេទប្រុស អាយុប្រហែល ២២ឆ្នាំ (គេចខ្លួន) ជនជាតិឥណ្ឌា និង៣. ឈ្មោះ MONCHI ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ (គេចខ្លួន) ជនជាតិប៉ាគីស្ថាន ត្រូវចោទ ប្រកាន់ពីបទៈ ផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចទីតាំងផ្ទះលេខ០៨ ឬ៥៦៧ ផ្លូវប៉េតុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣៩ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ទាក់ទិននឹងការចុះ ប្រតិបត្តិការបង្ក្រាបក្នុងសំណុំរឿងនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទ MDMA (ថ្នាំគ្រាប់) ទម្ងន់ ១.៤២៤.១៥០ ក្រាម (១តោន ៤២៤គីឡូ ១៥០ក្រាម), គ្រឿងញៀនប្រភេទ MDMA (ម្សៅ) ទម្ងន់ ១១៤. ៨៥៧ ក្រាម (១១៤គីឡូ ៨៥៧ក្រាម) និងសារធាតុគីមី (Cellulose) ទម្ងន់ ៥៩៣ គីឡូ (ប្រាំរយកៅសិបបីគីឡូ) រួមជាមួយឧបករណ៍សម្រាប់ផលិត និងកែច្នៃគ្រឿងញៀនមួយចំនួន។
បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់លើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ SARABJIT នៅពន្ធនាគារ ខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕ ដោយ៖តារា