រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​ បន្តក្រើនរំលឹក «សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម»

ចែករំលែក៖

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានបន្តក្រើនរំលឹក «សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង ជាពិសេសជំងងឺទឹកនោមផ្អែម»។ ការក្រើនរំលឹកបែបនេះរបស់លោក​រដ្ឋមន្ត្រី​ នាឱកាស​អញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម​ កាលពីថ្ងៃទី​០៤​ ខែធ្នូ​ ឆ្នាំ​២០២៤ម្សិលមិញនេះ​។

ក្នុងឱកាសចុះពិនិត្យនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យ ដែលក្នុងនោះក៏ទទួលបានចំណាប់អាម្មរណ៍ពីប្រជាពលរដ្ឋ ដែលបានលើក សរសើរពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ មានអត្តចរិត ឥរិយាបថល្អ រួសរាយរាក់ទាក់ មានការគួរសម ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ លើគុណភាពនៃការផ្តល់សេវាប្រចាំថ្ងៃ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូ បានចុះពិនិត្យនៅតាមផ្នែកនីមួយៗ ក៏ដូចជាពិនិត្យដំណើរការនៃការបម្រើសេវាជូនប្រជាពលរដ្ឋ ដូចជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសម្រាកពេទ្យ សង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ និងរូបភាពវេជ្ជសាស្ត្រ។ ក្នុងនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅតាមផ្នែកនីមួយៗ ដោយត្រូវលើកកម្ពស់សមត្ថភាព ដោយត្រូវពង្រឹងសមត្ថភាពខ្លួនតាមរយៈការបណ្តុះបណ្តាលបន្ថែម ជាប់ជាប្រចាំ ជាពិសេសបន្តការសិក្សាថ្នាក់ឯកទេស ដែលមានតម្រូវការ ដើម្បីយកមកអភិវឌ្ឍ បង្រៀនដល់ក្រុមការងារ និងធ្វើការស្រាវជ្រាវបន្ថែម ក្នុងការដើរឱ្យទាន់សម័យកាលឌីជីថល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម មានការសាមគ្គីភាពគ្នា សហការគ្នា យល់យោគគ្នា ចេះសន្តោស និងបំពេញភារកិច្ចការងាររបស់ខ្លួនដោយទឹកចិត្ត ស្នាមញញឹមគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះដែរ ហេដ្ឋារចនាសម្ព័ន្ធ អនាម័យជារួមតាមផ្នែកនីមួយៗ មានភាពល្អសមស្រប តែត្រូវចេះបន្តថែរក្សា សម្អាត និងជួសជុលកែលម្អបន្ថែមដើម្បីឲ្យសោភ័ណ្ឌភាពទីតាំងថែទាំព្យាបាលកាន់តែពិសេសថែមទៀត។

ទន្ទឹមនៃការចុះពិនិត្យនេះ លោកសាស្រ្តាចារ្យ បានសង្កេតឃើញថា អ្នកជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមមានចំនួនច្រើនលើសលប់ ដែលលោកសាស្រ្តាចារ្យ រដ្ឋមន្រ្តីបានណែនាំដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ជាពិសេសប្រជាជនទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាព បង្ការខ្លួនពីជំងឺមិនឆ្លង ដោយត្រូវបរិភោគអាហារសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃដើម្បីសុខភាព។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យ ដោយបានផ្តល់អនុសាសន៍មួយចំនួន៖
– ត្រូវលើកកម្ពស់សមត្ថភាពបុគ្គលិក ដោយត្រូវធ្វើការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ (In-service training) ឲ្យបានច្រើនដល់គ្រូពេទ្យជំនាន់ក្រោយ។
– ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការងារឲ្យបានល្អ។ ដូចជាតួនាទីគិលានុបដ្ឋាកយិកាម្នាក់ ដែលមានទំនួលខុសខ្ពស់ និងស្វែងយល់ពីស្ថានភាពអ្នកជំងឺបានយ៉ាងច្បាស់លាស់ អាចរាយការណ៍ជូនក្រុមការងារព្យាបាល បានយ៉ាងល្អ។
– ត្រូវរក្សាអនាម័យឱ្យបានប្រសើរជាប្រចាំ ដោយត្រូវយកគំរូ និងបទពិសោធន៍ក្នុងការថែរក្សាបរិស្ថាន និងអនាម័យល្អ ពីមន្ទីរពេទ្យជាតិដែលមានស្តង់ដាល្អស្រាប់។
– ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា សហការគ្នា ជួយគ្នាទៅវិញទៅមក និងត្រូវមានភាពស្មោះត្រង់ជាមួយវិជ្ជាជីវ: និងស្មោះត្រង់ជាមួយប្រជាជន។

...

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអាយុជីវិតដើម្បីប្រយុទ្ធ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ សូមលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print