កីឡាករ Fabian Schar បានរកគ្រាប់បាល់តាមស្មើនៅចុងម៉ោង ខណៈដែល Newcastle បានស្មើ ៣ទល់៣ ជាមួយក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League ក្នុងការប្រកួតដ៏រីករាយមួយនៅឯកីឡដ្ឋាន St James’ Park ។
ហង្សក្រហមគិតថាពួកគេធ្វើបានគ្រប់គ្រាន់ដើម្បីទទួលជ័យជម្នះដែលនឹងរក្សាការនាំមុខ៩ពិន្ទុរបស់ពួកគេនៅលើកំពូលតារាងបន្ទាប់ពី២គ្រាប់របស់ Mohamed Salah ធ្វើឱ្យពួកគេនាំមុខ ៣-២ ក្នុងរយៈពេល៧នាទីទៀត ប៉ុន្តែ Schar បានស៊ុតបាល់បញ្ចូលទីពីការស៊ុតបាល់ពិន័យ Free-kick នៅចុងម៉ោងជួយឲ្យ Newcastle តាមស្មើវិញ ដែលធ្វើឲ្យ Liverpool កាត់បន្ថយគម្លាតនាំមុខកំពូលតារាងជាថ្មី។
ការប្រកួតក្នុងតង់ទី១ Newcastle បាននាំមុខដោយកីឡាករ Alexander Isak ធ្វើបាននៅនាទីទី៣៥ រហូតដល់ចប់ការប្រកួតក្នុងតង់ទី១។ ចូលដល់តង់ទី២ ក្រុម Liverpool បានតាមស្មើវិញនៅនាទីទី៥០ ដោយកីឡាករ Curtis Jones ប៉ុន្តែនៅនាទីទី៦២ Anthony Gordon បាននាំមុខជាថ្មីឲ្យ Newcastle វិញ រហូតដល់នាទីទី៦៨ ខ្សែប្រយុទ្ធឆ្នើមរបស់ហង្សក្រហម Mohamed Salah រកបាន១គ្រាប់តាមស្មើ និងរកបាន១គ្រាប់ទៀតដើម្បីនាំមុខគឺនៅនាទីទី៨៣។
ការប្រកួតជិតបញ្ចប់ហើយគឺនៅនាទីទី៩០ Fabian Schar បានបញ្ចប់ក្តីសង្ឃឹមនាំមុខរបស់ Liverpool ដោយបានស៊ុតបាល់ហ្វីឃីតចូលទីយ៉ាងល្អ ធ្វើឲ្យក្រុមម្ចាស់ផ្ទះ Newcastle តាមស្មើ ៣ទល់៣ជាមួយ Liverpool។ លទ្ធផលស្មើនេះធ្វើឲ្យ Liverpool បន្តកាន់កាប់កំពូលតារាងដដែល ដោយមាន៣៥ពិន្ទុ និងឈ្នះក្រុមលេខ២ Chelsea ចំនួន៦ពិន្ទុ។
ចំណែកក្រុមតោខៀវ Chelsea បានបន្តឈ្នះ ដោយបំបាក់ក្រុមម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល ៥ទល់១។ ខ្សែបម្រើ Jadon Sancho បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់សម្រាប់ Chelsea ខណៈដែលក្រុមតោខៀវបានបន្តឈ្នះដ៏ងាយស្រួលបន្តឡើងមកឈរលេខ២បណ្តោះអាសន្ន។
Sancho ជាកីឡាករដែលបានស៊ុតបាល់បញ្ចូលទីគ្រាប់ចុងក្រោយសម្រាប់ក្រុមតោខៀវក្នុងការប្រកួតនេះ ខណៈដែល៤គ្រាប់ទៀតរកបានដោយ Axel Disasi, Christopher Nkunku, Noni Madueke និង Cole Palmer។
ក្រុម Southampton ក៏រកបាន១គ្រាប់ដែរនៅតង់ទី១ នៅពេលដែលក្រុមនេះរកបានដោយកីឡាករ Joe Aribo ខណៈដែលប្រធានក្រុម Jack Stephens ត្រូវបានបណ្តេញចេញដោយអាជ្ញាកណ្តាល Tony Harrington សម្រាប់ការទាញសក់របស់ Marc Cucurella។
ជាមួយនឹងក្រុម Chelsea ដែលបន្តឈ្នះនេះ បានធ្វើឱ្យពួកគេឈរពីលើក្រុម Arsenal ដែលមានពិន្ទុស្មើគ្នា ហើយក្រុមម្ចាស់ផ្ទះ Southampton នៅបន្តឈរបាតតារាង។
រីឯក្រុមកាំភ្លើងធំ Arsenal បានស៊ុតបាល់បញ្ចូលទី២គ្រាប់ពីជ្រុងដើម្បីយកឈ្នះលើក្រុមបិសាចក្រហម Manchester United ខណៈដែលលោក Ruben Amorim បានដឹកនាំក្លិបនេះរងបរាជ័យជាលើកដំបូងរបស់គាត់ក្នុងបាល់ទាត់អង់គ្លេស។
ខ្សែការពារ Jurrien Timber និង William Saliba ជាអ្នករកគ្រាប់ជួយ Arsenal ឈ្នះនាពេលនេះ ខណៈដែលក្រុមនេះបានទាញយកប្រយោជន៍ពីការទម្លាក់ Liverpool ដើម្បីកាត់បន្ថយការនាំមុខរបស់ពួកគេនៅលើកំពូលតារាង Premier League។
ក្រុម Arsenal ឈរនៅលេខរៀងទី៣ដោយមាន២៨ពិន្ទុ ដែលស្ថិតនៅលើពិន្ទុនោះជាមួយនឹង Chelsea និង៧ពិន្ទុតាមពីក្រោយក្រុមលោក Arne Slot។
ក្រុមម្ចាស់ផ្ទះបាននាំមុខនៅនាទីទី៥៤នៅពេលដែលជ្រុងរបស់ Declan Rice ហើយត្រូវបានកីឡាករ Timber ស៊ុតបញ្ចូលទីបានសម្រេចនាំមុខ១គ្រាប់។ បន្ទាប់មកក្រុមកាំភ្លើងធំបាននាំគ្រាប់ទី២ ដោយកីឡាករ Saliba ពីការបញ្ជូនបាល់របស់ Thomas Partey នៅនាទីទី៧៣។
Arsenal បានក្លាយជាកម្លាំងមួយដែលត្រូវរាប់បញ្ចូលពីការស៊ុតបាល់បញ្ចូលទីក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Mikel Arteta។ គ្រាប់បាល់របស់ Timber និង Saliba មានន័យថា ពួកគេបានស៊ុតបាល់បញ្ចូលទី២២គ្រាប់ពីជ្រុងចាប់តាំងពីដើមរដូវកាលមុន ច្រើនជាងក្រុមនៅ Premier League ផ្សេងទៀត។
ដោយឡែកក្រុម Manchester City បានបញ្ចប់ការបរាជ័យរបស់ខ្លួនផ្ទួនៗ ដោយបានយកឈ្នះក្រុមភ្ញៀវ Nottingham Forest ក្នុងលទ្ធផល៣ទល់០។ គ្រាប់បាល់ក្នុងតង់ទីមួយរបស់ Bernardo Silva និងតារាឆ្នើម Kevin de Bruyne បានធ្វើឱ្យក្រុមរបស់លោក Pep Guardiola នាំមុខ២គ្រាប់មុន។ ចូលដល់តង់ទី២ ខ្សែប្រយុទ្ធជួរមុខ Haaland រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៥៧ ដែលធ្វើឲ្យចប់ការប្រកួតក្រុម Man City ឈ្នះក្រុមភ្ញៀវ Nottingham ៣ទល់០។
បន្ទាប់ពីចាញ់៦ដង និងស្មើ ៣-៣ ជាមួយ Feyenoord ដែលប្រាកដជាមានអារម្មណ៍ថា Man City ត្រូវតែយកឈ្នះដើម្បីបញ្ចប់កំណត់ត្រាដ៏អាក្រក់នេះ។ ការឈ្នះនេះបានធ្វើឲ្យក្រុមរបស់លោក Pep Guardiola ឈរលេខរៀងទី៤ មាន២៦ពិន្ទ ដោយចាញ់ក្រុមកំពូលតារាង Liverpool ៩ពិន្ទុ ពីការប្រកួត១៤ប្រកួតដូចគ្នា ៕ (រូបភាព ៖ BBC)