ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនលោក Du Xu នាយកប្រតិបត្តិ ក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. និងជាតំណាងនៃគណៈប្រតិភូដែលមានសមាសភាពពីក្រុមហ៊ុនចំនួន៦ផ្សេងទៀត អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
មានប្រសាសន៍លើកឡើងក្នុងជំនួបនាឱកាសនេះ លោក Du Xu បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនលោក និងគណៈប្រតិភូទាំងអស់ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអាចស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ លើសពីនេះ លោកនាយកប្រតិបត្តិ ក៏បានសម្ដែងការអបអរសាទរចំពោះលទ្ធផលដ៏មានផ្លែផ្កានៃដំណើរទស្សនកិច្ចមិត្តភាពនិងផ្លូវការរបស់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោកឧបនាយករដ្ឋមន្រ្តីអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ផងនោះ។
ជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនទាំង៧ដែលមានវត្តមាននាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលកំពុងត្រូវបានយកចិត្តទុកដាក់ និងមានតួនាទីសំខាន់សម្រាប់គាំទ្រសកម្មភាពវិនិយោគរបស់វិនិយោគិន។ ជាក់ស្ដែង ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក មានជាអាទិ៍ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងអាទិភាពមួយដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល នឹងចូលរួមជំរុញភាពប្រទាក់ក្រឡានៃការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។
បន្ថែមពីនេះ សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក.អ.ក.បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយសម្រាប់ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែលមានឈ្មោះថាប្រព័ន្ធ cdcIPM។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើងស្របតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក.អ.ក. ដើម្បីជំរុញប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា និងផ្ដល់លទ្ធភាពជូនវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគពីក.អ.ក. បានដោយផ្ទាល់ផងដែរ៕ ដោយ៖តារា