អ្នកចាត់ការទូទៅលោក Xabi Alonso បាននិយាយកាលពីថ្ងៃសុក្រថា ក្រុម Bayer Leverkusen នឹងគ្មានខ្សែប្រយុទ្ធ Patrik Schick សម្រាប់ការប្រកួតក្នុងផ្ទះ Bundesliga របស់ពួកគេជាមួយនឹងក្រុម St Pauli នៅរាត្រីនេះដោយសារតែរបួស។
កីឡាករសញ្ជាតិឆេកវ័យ២៨ឆ្នាំរូបនេះត្រូវបានបង្ខំឱ្យចេញពីការប្រកួតអំឡុងពេលក្រុម Leverkusen ឈ្នះ ១-០ German Cup លើក្រុម Bayern Munich ក្នុងជុំទី១៦កាលពីថ្ងៃអង្គារ បន្ទាប់ពីទទួលបានអ្វីដែលហាក់ដូចជាមានបញ្ហាកំភួនជើង។
ដោយបានស៊ុតបញ្ចូលទីអ្នកឈ្នះទល់នឹងក្រុម Union Berlin ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេ និងស៊ុតបាន៣គ្រាប់លើ Heidenheim ក្នុងខែវិច្ឆិកា Schick បានស៊ុតបញ្ចូលទីបាន៥គ្រាប់នៅក្នុង Bundesliga នៅរដូវកាលនេះ។
លោក Alonso បាននិយាយថា “Patrik Schick នឹងមិននៅទីនោះថ្ងៃនេះទេ អ្នកផ្សេងទៀតគឺសមជាង”។ រីឯខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Boniface, ខ្សែបម្រើម៉ារ៉ុក Amine Adli និងខ្សែបម្រើស្លាបអាល្លឺម៉ង់ Jonas Hofmann ក៏ត្រូវអវត្តមានរយៈពេលវែងនៅ Leverkusen ដែរ។
លោក Alonso បន្តថា ក្រុមរបស់គាត់មិនរំពឹងថានឹងមានការប្រកួតដ៏ងាយស្រួលជាមួយ St Pauli ដែលជាក្រុមទី១៥ ក្នុងលីកនោះទេ។ “បន្ទាប់ពី DFB-Pokal ពួកយើងត្រលប់ទៅក្នុងទម្រង់ Bundesliga វិញហើយ។ បន្ទាប់ពីឈ្នះនៅទីក្រុង Berlin យើងចង់បោះជំហានបន្ទាប់។ St Pauli លេងបានល្អណាស់ យើងរំពឹងថានឹងមានគូប្រជែងខ្លាំង។ យើងនៅតែមានការប្រកួតចំនួន៤រហូតដល់ដំណាច់ឆ្នាំ។ ការឈ្នះ២ទល់នឹង Heidenheim និង Union បានធ្វើឱ្យពួកយើងល្អ។ យើងមានអារម្មណ៍ល្អ និងមានប្រសិទ្ធភាពជាងមុន យើងចង់កសាងវា ហើយបន្តទៅមុខទៀត”។
គួរបញ្ជាក់ថា ក្រុម Leverkusen ឈរនៅលេខរៀងទី៣ក្នុងលីកដោយមាន២៣ពិន្ទុពី១២ប្រកួត តិចជាងក្រុម Eintracht Frankfurt ចំនួន៣ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង Bayern ដល់ទៅ៧ពិន្ទុ៕ (រូបភាព ៖ BBC)