មេដឹកនាំគណបក្សកាន់អំណាចកូរ៉េ លោក Han Dong Hoon បានប្រកាសថា លោកប្រធានាធិបតី Yoon Suk Yeol នឹងលាលែងពីតំណែង ហើយនឹងមិនចូលរួមក្នុងកិច្ចការបរទេស ឬកិច្ចការរដ្ឋផ្សេងទៀតមុនពេលចាកចេញពីតំណែងឡើយ។
នៅថ្ងៃទី 8 ខែធ្នូ មេដឹកនាំគណបក្សអំណាចប្រជាជនកូរ៉េខាងត្បូង (PPP) លោក Han Dong Hoon បានប្រកាសថា លោក Yoon នឹងលាលែងពីតំណែងជាយថាហេតុ បើទោះបីជាប្រធានាធិបតីបានគេចចេញពីការបោះឆ្នោតចោទប្រកាន់ក្នុងរដ្ឋសភានៅថ្ងៃទី 7 ខែធ្នូ ទាក់ទងនឹងការដាក់ច្បាប់អាជ្ញាសឹកក៏ដោយ។
លោក ហាន បានប្រាប់អ្នកយកព័ត៌មានថា “ការប្រកាសច្បាប់អាជ្ញាសឹកគឺជាការបំពានយ៉ាងច្បាស់លាស់ និងធ្ងន់ធ្ងរនៃច្បាប់”។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រី Han Duck Soo នៅថ្ងៃទី 8 ខែធ្នូ លោកបាននិយាយថា លោក Yoon នឹងមិនចូលរួមក្នុងកិច្ចការបរទេស និងកិច្ចការរដ្ឋផ្សេងទៀតមុនពេលចាកចេញពីតំណែង។
នៅព្រឹកព្រលឹមថ្ងៃទី 3 ខែធ្នូ លោក Yoon បានធ្វើឱ្យប្រទេសនេះភ្ញាក់ផ្អើលដោយផ្តល់អំណាចសង្គ្រោះបន្ទាន់ដ៏ទូលំទូលាយដល់យោធាដើម្បីបំផ្លាញនូវអ្វីដែលលោកហៅថា “កងកម្លាំងប្រឆាំងរដ្ឋ” និងដោះស្រាយជាមួយគូប្រជែងនយោបាយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានលុបចោលច្បាប់អាជ្ញាសឹកត្រឹមតែប្រាំមួយម៉ោងក្រោយមក បន្ទាប់ពីសភាបានបោះឆ្នោតប្រឆាំងនឹងក្រឹត្យរបស់លោក។
ទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានដកចេញក៏ដោយ ក៏ប្រទេសនេះនៅតែធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។
លោក ហាន បាននិយាយថា “គណបក្សអំណាចប្រជាជននឹងបន្តការចាកចេញប្រកបដោយសណ្តាប់ធ្នាប់របស់លោកប្រធានាធិបតី ដើម្បីកាត់បន្ថយការភ័ន្តច្រឡំសម្រាប់ប្រជាជន” ដោយបន្ថែមថា រហូតដល់លោក Yoon លាលែងពីតំណែង លោកនឹងត្រូវ “ដកចេញពីភារកិច្ច” ហើយនាយករដ្ឋមន្រ្តីនឹងពិគ្រោះយោបល់ជាមួយគណបក្សនៅក្នុងការគ្រប់គ្រងកិច្ចការរដ្ឋ៕
រូបថត: Reuters