ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសមាជិក សមាជិកព្រឹទ្ធសភា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីតក់ស្លុត និងសោកស្តាយ យ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២:២៦ នាទីព្រឹក ក្នុងជន្មាយុ ៧២ឆ្នាំដោយ រោគាពាធ ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ និងការ ស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលមានស្នាដៃជាច្រើនក្នុងវិស័យយោធា បំពេញការងារប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ បានបូជាអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយថ្នាក់ដឹកនាំក្រសួងការពាជាតិក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងសុវត្ថិភាពជូនប្រជាជន និងសង្គមជាតិកន្លងមក។ ទន្ទឹមនោះដែរ ការបាត់បង់ ឯកឧត្តមនាយឧត្តម សេនីយ៍ ឈិន ច័ន្ទពណ៌ ក៏ជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូបមិនចេះរីងស្ងួតចំពោះក្រុមគ្រួសារ ដែលតែងតែផ្តល់នូវដំបូន្មាន អប់រំ ប្រៀនប្រដៅ បុត្រ ធីតា ចៅៗរហូតបានក្លាយជាធនធានដ៏មានតម្លៃរបស់សង្គមជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានទៅកាន់សុគតិ ភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម ក្រុមគ្រួសារ និងសាច់ញាតិនៃសព ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីយើងខ្ញុំទាំងអស់គ្នា៕ដោយ៖តារា