ភ្នំពេញ៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្រោមរថយន្តយ៉ាងរន្ធត់ ខណៈពេលជិះម៉ូតូលឿនត្រូវរថយន្តធន់ធំបួងចង្កូតបត់ជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូនិងមនុស្សជាប់ក្រោមរថយន្តបង្កការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ខែធ្នូ ៩ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបនូគារ ស្ថិតនៅលើផ្លូវ២០០៤ កែងផ្លូវ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សពមានឈ្មោះ ម៉ុន លីយ៉ា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពី ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1JH-7447 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ឆ្លងស្តុប ខណៈពេលឆ្លងដល់ពាក់កណ្តាលភ្លើងស្តុបស្រាប់តែគេឃើញមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទំនិញធន់ធំមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3E-3792 បើកបរដោយបុរសម្នាក់ទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅតាមផ្លូវ២០០៤ ក៏ទៅបុកម៉ូតូនារីរងគ្រោះខាងលើចូលស្លាប់ក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័មភ្លាម នោះដែរអ្នកបើករថយន្តបានបើកទ្វារត់គេចខ្លួនតែត្រូវបានកម្លាំងអាវុធហត្ថតាមឃាត់បានយកទៅប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម សួរនាំបន្ត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ ហេីយសពមិនទាន់មានសាច់ញ្ញាតិសមត្ថកិច្ច អោយរថយន្តដឹកយកទៅតំកល់នៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ