ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រួមជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះស្រាវជ្រាវអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីលួច។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ២៤៦ ដ.ប.ច/ឈ/២៤ ចេញដោយលោក សុង ប៊ុណ្ណារិទ្ធិ ជាចៅ ក្រម ស៊េីបសួរ សាលាដំបូងខេត្ត ព្រះសីហនុ ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ញុឹក ពៅ វេហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ពីបទអំពើ លួចមានស្ថានទម្ងន់ទោសដោយសារការ ប្រព្រឹត្តិ ប្រើហិង្សា ប្រព្រឹត្តិនៅចំណុច ទីតាំង អាគារពងមាន់(K99) ភូមិគរគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែ វិច្ឆិកា ដល់ ថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើស ព្រហ្មទណ្ឌ ដែល មានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និង ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ