ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០២ នាក់ និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចមុខខារ៉ាអូខេឫស្សីមាស ផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បទល្មើស ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ។
សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង០១ក្រុម មានគ្នាចំនួន០៨នាក់ បានធ្វើ សកម្មភាពយកដុំថ្មគប់ទៅលើហាងខារ៉ាអូខេមួយកន្លែង យីហោឫស្សីមាស ស្ថិតនៅចំណុចផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០០ និង ៣០ នាទីយប់ ពេលនោះក៏មានបុគ្គលិកហាងនាំគ្នាចេញមក និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ ឈ្មោះ សាម ថាត់ធី ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ ធឿន ម៉េងលី ភេទប្រុស អាយុ១៦ឆ្នាំ ប្រគល់ជូនសមត្ថកិច្ចសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត៕ ដោយ ៖ រ៉ារ៉ា