បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី – លោក Geir Pedersen បានអំពាវនាវឱ្យអុីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសស៊ីរី។
យោងតាមកាសែត The Times of Israel កាលពីថ្ងៃទី១០ ខែធ្នូ លោក Geir Pedersen – បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីបានអំពាវនាវឱ្យអុីស្រាអែលបញ្ឈប់សកម្មភាពយោធានិងការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសស៊ីរី ។
លោក Pedersen មានប្រសាសន៍ថា “យើងបន្តធ្វើជាសាក្សីចំពោះសកម្មភាពរបស់អុីស្រាអែល និងការទម្លាក់គ្រាប់បែកលើទឹកដីស៊ីរី។ លោក Pedersen បានធ្វើការអំពាវនាវខាងលើក្នុងបរិបទនៃកងកម្លាំងប្រឆាំងក្នុងប្រទេសស៊ីរីបានផ្ដួលរំលំរដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad។
បន្ទាប់ពីរដ្ឋប្រហារស៊ីរី អុីស្រាអែលបាននិយាយថា កម្លាំងទ័ពអាកាសរបស់ខ្លួនបានធ្វើការវាយប្រហារតាមអាកាសជាង 350 លើកលើគោលដៅក្នុងប្រទេសស៊ីរី ដើម្បីបំផ្លាញឃ្លាំងអាវុធយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធយោធា ដើម្បីការពារពួកគេពីការធ្លាក់ចូលទៅក្នុងដៃរបស់កងកម្លាំងប្រឆាំងនៅក្នុងប្រទេសស៊ីរី។
លើសពីនេះ នាវាចម្បាំងអុីស្រាអែលក៏បានវាយប្រហារទីតាំងកងទ័ពជើងទឹកស៊ីរីនៅកំពង់ផែ Al-Bayda និងកំពង់ផែ Latakia ជាទីដែលនាវាកងទ័ពជើងទឹកស៊ីរីចំនួន ១៥ គ្រឿងត្រូវបានបោះយុថ្កា។
ប្រទេសអារ៉ាប់មួយចំនួនបានចោទអុីស្រាអែលថាបានឆ្លៀតឱកាសពីស្ថានការណ៍មិនស្ថិតស្ថេរនៅស៊ីរីដើម្បីដណ្តើមយកដី។
សម្ព័ន្ធអារ៉ាប់បានចោទប្រកាន់អុីស្រាអែលថា “ទាញយកផលប្រយោជន៍ពីការអភិវឌ្ឍក្នុងស្ថានភាពផ្ទៃក្នុងស៊ីរី” ខណៈពេលដែលអេហ្ស៊ីបបានហៅទង្វើថ្មីៗរបស់អុីស្រាអែលថា “ជាសកម្មភាពកេងប្រវ័ញ្ចអស្ថិរភាព និងជាកន្លែងទំនេរដើម្បីកាន់កាប់ទឹកដីស៊ីរីបន្ថែមទៀត”។
ធ្វើអត្ថាធិប្បាយលើព័ត៌មាននេះ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា ប្រទេសនេះគ្មានចេតនាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ស៊ីរីទេ ប៉ុន្តែបានកត់សម្គាល់ថា អុីស្រាអែល “នឹងធ្វើអ្វីដែលចាំបាច់ ដើម្បីធានាសន្តិសុខជាតិ”៕ ដោយធីរីណា
រូបថត: Reuters