ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះថា៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលម្សិលមិញនេះ បានអនុញ្ញាតឱ្យលោក Weng Keng ប្រធានក្រុមហ៊ុន Medical System Technology Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះបានផ្ដល់លទ្ធភាពជូនក្រុមហ៊ុនបានស្វែងយល់បន្ថែមអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា, ផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល, ការលើកទឹកចិត្តវិនិយោគ, និងសក្តានុពលនានាដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ស្របតាមការលើកឡើងខាងលើរបស់ក្រុមហ៊ុន ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបេសកកម្មរបស់ស្ថាប័ន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានស្ថាប័ន នឹងជួយសម្របសម្រួលរាល់កិច្ចការងាររបស់វិនិយោគិនដែលមានបំណងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគបង្កើតឱកាសការងារក្នុងទីផ្សាររបស់កម្ពុជាផងដែរ៕ ដោយ៖តារា