ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រោយឃើញការបង្ហោះព័ត៌មានតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា មានមន្រ្តីជាប់កិច្ចសន្យាម្នាក់ឈរជើងនៅគោលដៅស្ពានអាកាស៥មករា (តិចណូ) ពួនស្ទាក់រងចាំចាប់មធ្យោបាយប្រជាពលរដ្ឋដោយអនុវត្តផ្ទុយគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
មន្រ្តីជាបើកិច្ចសន្យាគឺលោក ប៊ន បៃលិន មន្រ្តីជាប់កិច្ចសន្យាបម្រើការងារនៅផ្នែកបញ្ជាចរាចរណ៍ទី២ ឈរជើងនៅគោលដៅស្ពានអាកាស៥មករា (តិចណូ) នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញមកសួរនាំជុំវិញការបង្ហោះរិះគន់នៅក្នុងបណ្តាញសង្គម។
ជាមួយគ្នានោះបើតាមការឆ្លើយបំភ្លឺរបស់មន្រ្តីកិច្ចសន្យាខាងលើ គឺរូបគាត់មិនបានឈរពួនស្ទាក់នោះទេ គឺគាត់ឈររងចាំបញ្ចៀសចរាចរណ៍សម្រូលក្បួនរថយន្តថ្នាក់ដឹកនាំឆ្លងកាត់ខណៈដែលមានការហៅតាម(ID)ឲ្យត្រៀមចេញសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំធ្វើដំណើរជិតដល់គោលដៅរបស់ខ្លួននោះហើយ។
អាស្រ័យបានជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ៖តារា