ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាត នូវអំពើជួយដូរមនុស្សគ្រប់ប្រភេទ ខណៈបញ្ហាការជួយដូរមនុស្សនេះ បានកំពុងកើតឡើងគួរឲ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូលនោះ។
-សម្តេចធិបតី ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រឆាំងឲ្យបានដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺអំពើជួញដូរមនុស្ស ហើយសម្តេចធិបតី រំពឹងថា ប្រទេសជាមិត្តក៏នឹងមានការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ។
-សម្តេចធិបតី ថ្លែងផ្តាំទៅប្រទេសមួយចំនួន ដែលចេញរបាយការណ៍ទាក់ទងនឹងបញ្ហាអំពើជួញដូរមនុស្ស គប្បីត្រូវធ្វើឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃ ក្នុងន័យផ្សេងនោះ។
-សម្តេចធិបតី ថ្លែងជំរុញឲ្យមានការផ្សព្វផ្សាយ ឲ្យបានសកម្ម ចំពោះបញ្ហាការជួញដូរមនុស្ស ខណៈការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្សនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដាស់តឿនដល់ប្រជាជន ជាពិសេសគឺសម្រាប់យុវជនតែម្តង។
-សម្តេចធិបតី ថ្លែងថា កិច្ចការប្រឆាំង និងទប់ស្កាតការជួញដូរមនុស្ស គឺកិច្ចការសំខាន់ខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយសម្តេច ទទួលស្គាល់ថា បញ្ហានៃការជួញដូរមនុស្សពិតជាមាននៅកម្ពុជា ប៉ុន្តែមិនដូចរបាយការណ៍មូលបង្កាចមួយចំនួននោះឡើយ ខណៈរបាយការណ៍ទាំងនោះ គឺមានចេតនាបង្ខូចកិត្តិយសដល់ប្រទេសកម្ពុជាសុទ្ធសាធ។
-សម្តេចធិបតី ថ្លែងថា ការរៀបការជាមួយជនបរទេសវាមិនខុសច្បាប់នោះទេ ប៉ុន្តែបើមានការពពោះលក់ដូរនោះ និងការជួញដូរមនុស្សបានខុសច្បាប់។ ដូចនេះ ក្រសួងមហាផ្ទៃត្រូវពិនិត្យមើលឲ្យគ្រប់ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពមនុស្សធម៌ ជាពិសេសបង្ការ តាមរយៈការអប់រំបណ្ដុះបណ្ដាលផ្សព្វផ្សាយ អំពីហានិភ័យនៃការចាញ់បោកគេ។
-សម្តេចធិបតី ថ្លែងណែនាំឲ្យគ្រប់ស្ថាប័នទាំងអស់ ជាពិសេសក្រសួងមហាផ្ទៃតែម្តង ត្រូវមានការឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះបុគ្គលណា ដែលមានចេតនាបង្ខូច កិត្តិយសកម្ពុជា ដើម្បីតែផលប្រយោជន៍ខ្លួន។
-សម្តេចធិបតី ថ្លែងថា បញ្ហានៃការជួញដូរមនុស្ស គឺជាមុខសញ្ញា និងជាបណ្តាញអន្តរជាតិ មិនមែនកើតឡើងនៅតែប្រទេសកម្ពុជានោះទេ ដូច្នេះ របាយការណ៍ ប្រទេសខ្លះ បានចោទប្រកាន់កម្ពុជា លើបញ្ហានេះ គឺមិនសមហេតុសមផលនោះឡើយ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រឆាំងដាច់ខាត ហើយនឹងបន្តបង្ក្រាបរាល់អំពើជួយដូរមនុស្សគ្រប់រូបភាព។ សម្ដេចធិបតី ប្រកាសប្ដេជ្ញាចិត្តខ្ពស់ប្រឆាំងចំពោះការប៉ុនប៉ងនានាដែលយកកម្ពុជា ធ្វើជាទីតាំងនៃការប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មផ្សេងៗ ជាអាទិ៍ អំពើជួញដូរមនុស្ស។
-សម្ដេចធិបតី ចាត់ទុកអំពើជួញដូរមនុស្ស គឺជាបញ្ហាស្មុគស្មាញ ដែលទាមទារការចូលរួមគ្រប់ភាគីពាក់ព័ន្ធសហការគ្នា ជាពិសេសវិធានការបង្ការ ទប់ស្កាត់។
សូមជម្រាបជូនថា ការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា៕ ដោយ៖តារា