ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដការប្ដេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងលើកកម្ពស់ការទប់ស្កាត់ និងបង្ក្រាបរាល់កលល្បិច នៃឧក្រិដ្ឋជន។
នាឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បន្ដអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំសូមប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដការប្ដេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងលើកកម្ពស់ការទប់ស្កាត់ និងបង្ក្រាបរាល់កលល្បិចនៃឧក្រិដ្ឋជន បន្ដអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ការលើកកម្ពស់គោរពសិទ្ធិមនុស្ស»។
សម្ដេចធិបតី បន្ដថា ឧក្រិដ្ឋទាំងអស់នេះ គឺជាបញ្ហារួមដែលកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការនៃការរៀបចំអនុម័ត អនុសញ្ញាអាស៊ានប្រឆាំងការជួញដូរមនុស្ស, កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្ដរប្រវេសដោយសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ ហៅកាត់ថា GCM រហូតត្រូវបានការទទួលស្គាល់ពី អង្គការសហប្រជាជាតិផ្នែកទេសន្ដរប្រវេសថា ជាប្រទេសជ័យលាភីនៃគំនិតផ្ដួចផ្ដើមរបស់កតិកាសញ្ញាពិភពលោកស្ដីពីទេសន្ដរប្រវេស ក្នុងការប្ដេជ្ញាចិត្តខ្ពស់ការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ពលករទេសន្ដរប្រវេស និងការពារពួកគេពីភាពរងគ្រោះដោយការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់ប្រភេទ។
សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ នឹងអនុវត្តដូចគ្នាដើម្បីជាឆន្ទៈនូវការគោរព និងការរក្សាកិត្តិយសគ្នាទៅវិញទៅមក និងដើម្បីជាកម្លាំងរួមដើម្បីប្រយុទ្ធប្រឆាំងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ដែលបាននិងកំពុងបំផ្លាញសេចក្ដីសុខរបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បន្ថែមថា ក្នុងនាមជាប្រទេសជិតខាងល្អ និងប្រទេសក្នុងតំបន់ កម្ពុជាជឿជាក់ថា នឹងបន្ដកិច្ចសហប្រតិបត្តិការល្អដោយមិនធ្វើការសន្និដ្ឋានចោទប្រកាន់ដោយខ្វះការសិក្សាស្វែងយល់អំពីសភាពការណ៍ពិតដែលនាំឲ្យប៉ះពាល់ដល់ចំណងមិត្តភាព និងកិច្ចសហការល្អឡើយ៕
ដោយ ៖ សិលា