ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០១៤នេះ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្តាញ សារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា កាលពីពេលថ្មីៗនេះ សារព័ត៌មាន ABC News ដែលមាន មូលដ្ឋាននៅក្រៅប្រទេស បានយករូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពចាស់ៗទៅកាត់ត ហើយ បានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ (Disinformation) មិនបានឆ្លុះបញ្ចាំងពីការពិត និងតថភាពជាក់ស្តែង នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន នាំឱ្យសាធារណជនមានការភាន់ច្រឡំលើករណីការគ្រប់គ្រងធនធាន ធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។
អ្នកនាំពាក្យក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជូនថា ក្រសួងបរិស្ថានបាន និងកំពុងអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវវិធានការ ៤ចំណុច ក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ តាមបទ បញ្ហារបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការដៃគូអភិវឌ្ឍន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន រដ្ឋបាល ថ្នាក់ក្រោមជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។
សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា រូបភាពដែលសារព័ត៌មានបរទេសខាងលើបានធ្វើការផ្សព្វផ្សាយ ទាក់ទងនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង គឺជារូបភាពមានប្រភពមិន ច្បាស់លាស់ និងរូបភាពអតីតកាលយកមកផ្សព្វផ្សាយបោកប្រាស់ ប្រឌិត និងខុសពីការពិត មានចេតនាធ្វើ ឱ្យសាធារណជនមានការយល់ច្រលំថាជាបច្ចុប្បន្នភាព ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសក្រសួង ស្ថាប័ន និងមុខមាត់ប្រទេសកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែងក្នុងការអភិរក្ស គ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ ករណីនេះ គឺផ្ទុយនឹងសុក្រឹតភាពនៃព័ត៌មានត្រង់ចំណុចទី៨ និងទី៩ នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ ភាគីពាក់ព័ន្ធ និងសាធារណជន ទទួលជ្រាបជាព័ត៌មាន៕ដោយ៖តារា