ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃស្ថានទូតសហរដ្ឋអាមេរិកដែលដឹកនាំដោយលោកស្រី Bridgette L.Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង និងសហរដ្ឋអាមេរិក។
ក្នុងឱកាសនេះដែរ លោក សុខ លូ បានមានប្រសាសន៍ស្វាគមន៍ទៅកាន់លោកស្រី Bridgette L.Walker ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានមកដល់ទឹកដីខេត្តបាត់ដំបង ព្រមទាំងបានធ្វើទស្សនកិច្ចនៅតាមតំបន់នានាក្នុងខេត្តបាត់ដំបង ហើយឯកឧត្តមបាន ស្នើទៅកាន់លោកស្រីឱ្យជួយជំរុញកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគតាមបណ្តា រដ្ឋផ្សេងៗរបស់សហរដ្ឋអាមេរិកមកទស្សនានិងវិនិយោគនៅខេត្តបាត់ដំបងឱ្យបានច្រើនបន្ថែមទៀត និងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅលើវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ទេសចរណ៍ ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្មព្រោះបច្ចុប្បន្នការវិនិយោគលើវិស័យនេះនៅក្នុងខេត្តបាត់ដំបងនៅមានកម្រិតទាបនៅឡើយ។
ឆ្លៀតក្នុងឱកាសនេះ លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី Bridgette L.Walker ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររបស់សហរដ្ឋអាមេរិកដែលបានជួយ អភិវឌ្ឍន៍សមិទ្ធផលនានានិងវិនិយោគក្នុងខេត្តបាត់ដំបងនាពេលកន្លងមកនិងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អទៅវិញទៅមក។
ក្នុងឱកាសនេះដែរ លោកស្រី Bridgette L.Walker ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្តៅ។
លោកស្រី សប្បាយចិត្តដែលកន្លងមកមានការសហការគ្នាបានយ៉ាងល្អ និងបានមើលឃើញពីសក្តានុពលជាច្រើនរបស់ខេត្ត ជាពិសេសវិស័យកសិកម្មជាវិស័យមួយដែលសំខាន់របស់ខេត្តបាត់ដំបង។
លោកស្រី បានបន្តថាបាត់ដំបងជាខេត្តមួយដេលមានទីតាំង ល្អ ស្អាត មានវប្បធម៌ ប្រពៃណី សម្បូរបែបដូច្នេះលោកស្រីនឹងខិតខំជំរុញឱ្យរដ្ឋ ក្រុងនានា ក៏ដូចជា អ្នកទេសចរ និងអ្នកវិនិយោគរបស់ខ្លួនមកបាត់ដំបងកាន់តែច្រើន និងខិតខំពង្រឹងកិច្ចសហប្រតិបត្តការរវាងសហរដ្ឋអាមេរិក និងរដ្ឋបាលខេត្តបាត់ដំបងឱ្យកាន់តែស្និទស្នាល៕
ដោយ ៖ សិលា